Connect with us

ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត

ពេលពពោះ ពេទ្យណែនាំឱ្យម៉ាក់ៗ​ញ៉ាំអាហារសម្បូរជីវជាតិឱ្យបានច្រើន ដើម្បីកូនលូតលាស់បានល្អ តែក្នុងនោះក៏មានហាមនូវចំណីអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់កូន។

ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹងបង្ហាញពីចំណីអាហារមួយចំនួន ដែលស្រីៗពពោះ​ត្រូវតមឱ្យបាន។

១- ត្រីសមុទ្រធំៗ៖ ត្រីឆ្លាម ត្រីធូណា ត្រីដាវ ត្រីស្បែកា ជាពពួកត្រីសមុទ្រដែលសម្បូរជាតិបារ៉តខ្ពស់ ញ៉ាំទៅអាចប៉ះពាល់ការលូតលាស់ប្រព័ន្ធប្រសាទកូនក្នុងផ្ទៃ ធ្វើឱ្យកូនកើតមកមានភាពមិនប្រក្រតី ធ្វើឱ្យខូចខួរក្បាល ការលូតលាស់កូនមិនល្អ។

២- ជាតិកាហ្វេអ៊ីន៖ កាហ្វេ សូកូឡា តែ សូដា ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ផ្ទុកដោយសារធាតុកាហ្វេអ៊ីន ញ៉ាំច្រើនអាចប៉ះពាល់ទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងតាមសរសៃឈាមតាមរយៈទងផ្ចិតកូន ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឱ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឱ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឱ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។

៣- ជាតិអាល់កុល៖ គ្រូពេទ្យ​តែងហាមស្ត្រីមានផ្ទៃពោះ មិនឱ្យផឹកគ្រឿងស្រវឹងឡើយ ព្រោះជាតិអាល់កុលដែលមាននៅក្នុងគ្រឿងស្រវឹង អាចធ្វើឱ្យគភ៌លូតលាស់ខុសប្រក្រតី កូនមានពិការភាពពីកំណើត។

៤- អាហារមិនបានសម្លាប់មេរោគ ឬឆៅ៖ មាន ទឹកដោះគោដែលមិនបានសម្លាប់មេរោគ ឈីស ស៊ុត សាច់ឆៅ ឬចម្អិនមិនបានឆ្អិនល្អ។ សាច់មិនល្អ ឬសាច់ឆៅ មានផ្ទុកនូវពពួកប៉ារ៉ាស៊ីត និងបាក់តេរីមួយចំនួន អាចប៉ះពាល់ដល់សុខភាពយើង និងទារកក្នុងផ្ទៃ ដូចជា ពុលអាហារ គ្រុនពោះវៀនជាដើម ហើយជំងឺទាំងនេះ​អាចបង្កឱ្យទារក និងម្ដាយមានបញ្ហាដូចជា ទម្ងន់ទារកមិនគ្រប់ សម្រាលមុនខែ រលូត និងអាចបណ្ដាលឱ្យទារកបាត់បង់ជីវិតក្នុងពោះទៀតក៏​មាន។

៥- ថ្នាំខ្មែរ ឬថ្នាំចិនសែ៖ តាមក្បួនពេទ្យ​ហាមផ្តាច់ចំពោះការប្រើថ្នាំបុរាណពេលពពោះ ព្រោះអាចធ្វើឱ្យ សុកក្រិន ទឹកភ្លោះល្អក់ មាត់ស្បួនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង កូនខ្សោយ ឬស្លាប់ក្នុងពោះ។

៦- បារី៖ ជាតិនីកូទីន និងសារធាតុគីមីពុលរាប់ពាន់ប្រភេទផ្សេងទៀតដែលមានក្នុងបារី និងផ្សែងបារីមិនត្រឹមតែធ្វើឱ្យម៉ាក់ៗកើតជំងឺច្រើនមុខទេ ប៉ុន្តែអាចធ្វើឱ្យកូនក្នុងពោះ​ប្រឈមនឹងបញ្ហាសុខភាពទាំងនៅពេលពោះ និងក្រោយពេលសម្រាល ដោយការបឺតស្រូបផ្សែងបារី​តាមរយៈទងសុក ដូចជាដំណើរការមុខងាររបស់សុក​មិនបានល្អ អាចធ្វើឱ្យកូនរលូត កើតមុនកំណត់ កូនលូតលាស់មិនល្អ មិនគ្រប់គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់៕

ប្រភព៖ Hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម