Connect with us

រដ្ឋាភិបាលម៉ាឡេស៊ី សន្យា នឹងអនុវត្តគោលនយោបាយគាំពារជនក្រីក្រ ដោយវិនិច្ឆ័យលើតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ជាជាងវិនិច្ឆ័យលើកត្តាពូជសាសន៍

ម៉ាឡេស៊ី ៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថានឹងផ្លាស់ប្តូរចំនុចមួយចំនួននៃគោលនយោបាយគាំពារជនក្រីក្រ ដែលប្រទេសនេះបានអនុវត្តជាច្រើនឆ្នាំមកហើយ។ នៅពេលសម្រេចថា ត្រូវផ្តល់ជំនួយដល់ពលរដ្ឋណាមួយ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី នឹងងាកមកវិនិច្ឆ័យលើតម្រូវការពិតជាក់ស្តែងរបស់ប្រជាជនវិញ ជាជាងវិនិច្ឆ័យលើកត្តាពូជសាសន៍របស់អ្នកទទួលជំនួយ។


គោលនយោបាយគាំពារជនក្រីក្រ ជាទូទៅ ត្រូវបានគេចាត់ទុកថា ជាការផ្តល់ជំនួយដល់ក្រុមប្រជាពលរដ្ឋជនជាតិភាគតិច ដែលមានជីវភាពខ្វះខាត។ ប៉ុន្តែ ក្នុងរយៈពេលជិត៥០ឆ្នាំ ដែល ម៉ាឡេស៊ីអនុវត្តគោលនយោបាយនេះ ភាគច្រើននៃអ្នកដែលបានទទួលជំនួយពិសេសពីរដ្ឋាភិ បាល គឺជាជនជាតិភាគតិចម៉ាឡេ ។
ជំនួយនេះ មានដូចជា ទទួលបានការបញ្ចុះតម្លៃពេលទិញផ្ទះ អាហាររូបករណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា ទទួលបានការប្រាក់ខ្ពស់សម្រាប់សេវាសន្សំប្រាក់នៅធនាគារ ទទួលបានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន និង ទទួលបានឱកាសផ្តល់សេវាកម្ម និងផលិតផលឱ្យរដ្ឋាភិបាល។

គោលនយោបាយនេះ ត្រូវបានបង្កើតឡើងនាអំឡុងទសវត្សឆ្នាំ១៩៧០ ដើម្បីកាត់បន្ថយគម្លាតសេដ្ឋកិច្ចដ៏ធំ រវាងក្រុមប្រជាជនជនជាតិភាគតិចជាច្រើនក្រុម ជាពិសេស គឺ ជនជាតិភាគតិចមកពីប្រទេសចិន និង តំបន់ឥណ្ឌាខាងត្បូងតែម្តង។ គោលនយោបាយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅពេលអនុវត្តដំបូងៗ ហើយវាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជនជាតិភាគតិចម៉ាឡេ និងបានបង្កើនចំនួនប្រជាពលរដ្ឋដែលមានជីវភាពមធ្យម ដល់ចំនួនធំល្មម។


លោក ហ៉្វារីស មូថាដា ហ្វ៉ាហ្សៀល បានរៀនជំនាញធនាគារអ៊ីស្លាម នៅសាកលវិទ្យាល័យមួយក្នុងប្រទេសហ្សកដង់ ដោយទទួលបានអាហាររូបករណ៍ដែលបម្រុងទុកសម្រាប់ជនជាតិភាគតិចម៉ាឡេ។ គាត់ បាននិយាយថា ដោយសារតែអាហាររូបករណ៍នេះ គាត់អាចមានលទ្ធភាពបង់ថ្លៃសាលា បង់ថ្លៃម្ហូបនិងថ្លៃធ្វើដំណើរ ព្រមទាំងថ្លៃជួលផ្ទះផងដែរ។ ដោយសារជាពលរដ្ឋដែលខ្វះខាត ដែលមកពីគ្រួសារធម្មតាមួយ គាត់យល់ថាគោលនយោបាយនេះ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ។

ប៉ុន្តែ អ្នករិះគន់ បានតវ៉ាជាច្រើនឆ្នាំមកហើយថា កម្មវិធីនេះ មិនទាន់បានអនុវត្តឱ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋឯទៀតនៅទូទាំងប្រទេស ដែលពិតជាត្រូវការជំនួយពិតប្រាកដ។
កាលពីឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ធ្លាប់បានប្រកាសថានឹងពិនិត្យមើលគោលនយោបាយនេះសារឡើងវិញ ប៉ុន្តែលោកមិនបានធ្វើអ្វីបន្តទៀតទេក្រោយពីប្រកាសរួច។ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីថ្មី ដែលទើបនឹងជាប់ឆ្នោតកាលពីខែឧសភាកន្លងទៅថ្មីៗនេះ បានផ្តល់សញ្ញាថា ខ្លួនចង់ជៀសឱ្យឆ្ងាយពីការវិនិច្ឆ័យតែលើកត្តាពូជសាសន៍ នៅពេលអនុវត្តគោលនយោបាយគាំពារនេះ។


លោក អារុតឆេលវណ្ណ សមាជិកគណបក្សសង្គមនិយមម៉ាឡេស៊ី បានអោយដឹងថា មានថវិកាច្រើនណាស់ ដែលមិនបានផ្តល់ជូនទៅប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ។ និយាយឱ្យសាមញ្ញទៅ រដ្ឋាភិបាលម៉ាឡេស៊ីថ្មី ពិតជាត្រូវការមានឆន្ទៈពិតប្រាកដ ហើយគាត់គិតថា ជនជាតិម៉ាឡេភាគច្រើន នឹងគាំទ្ររដ្ឋាភិបាលថ្មីនេះ បើសិនជាគេអនុវត្តគោលនយោបាយគាំពារ ដោយវិនិច្ឆ័យលើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមែននោះ ។

រដ្ឋាភិបាលចំរុះថ្មីដែលកំពុងកាន់អំណាច បានបង្ហាញពីការផ្លាស់ប្តូររួចទៅហើយ តាមរយៈជ្រើសរើសប្រជាពលរដ្ឋដែលមិនមែនជាជនជាតិម៉ាឡេ ឱ្យធ្វើជាមន្ត្រីរដ្ឋាភិបាលក្នុងដំណែងសំខាន់ៗ។ ទង្វើនេះ កំពុងផ្តល់សង្ឃឹមដល់ប្រជាពលរដ្ឋថា ទីបំផុតទៅ រដ្ឋាភិបាលថ្មី នឹងប្រាកដជាអនុវត្តគោលនយោបាយគាំពារជនក្រីក្រ ដោយផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ដោយមិនខ្វល់ថាពួកគាត់ជាពូជសាសន៍ណានោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម