Connect with us

ឈ្វេងយល់ពីប្រាសាទភ្នំបាណន់ ស្ថិតស្រុកបាណន់ ខេត្តបាត់ដំបង

បាត់ដំបង៖ ប្រាសាទភ្នំបាណន់ ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្តោយដងស្ទឹងសង្កែ មានចម្ងាយ ២៤គ.មខាងត្បូងទីរួមខេត្តបាត់ដំបង។

ប្រាសាទភ្នំបាណន់ជាប្រាសាទភ្នំ ដែលស្ថិតនៅលើកំពូលភ្នំធម្មជាតិមានកម្ពស់ ៨១ម៉ែត ចំណុចនិយាមកាមត្រង់ចំណុច ១២០៥៧’០៣” N និង១០៣០០៨’២៣” E (យកតាម Google Earth ) មានកំពែងព័ទ្ធជុំវិញ មានតួសំខាន់មួយបែរមុខទៅរកទិសទាំងបួន មានក្លោងទ្វារបួន និងមានប្រាសាទជ្រុងបួន។ តួប្រាសាទសំខាន់កណ្តាល សង់អំពីថ្មភក់ រីឯកំពែង ក្លោងទ្វារ និងប្រាសាទជ្រុងសង់ អំពីថ្មបាយក្រៀម ដែលមានក្បាច់តុបតែងលំអំពីថ្មភក់។ ចំណែកថ្មភក់ដែលគេយកមកសាងសង់ប្រាសាទទៀតសោត ក៏ដឹកមកពីតំបន់ផ្សេងៗគ្នាជាច្រើនកន្លែងផងដែរ នេះបើផ្អែកទៅលើគុណភាពថ្មដែលបន្សល់ទុកនាពេលបច្ចុប្បន្ននេះ។

បើពិនិត្យជាទូទៅ ប្រាសាទភ្នំបាណន់ មានជណ្តើរអាចឡើង និងចុះពីខឿនប្រាសាទមកចំនួន៣ គឺនៅជ្រុងខាងជើង ខាងត្បូង និងខាងកើត ប៉ុន្តែនៅជ្រុងខាងកើត មានជណ្តើរតាំងពីជើងភ្នំរហូតដល់តួប្រាសាទ។ បើយោងទៅលើចម្លាក់នានាដែលមន្រ្តីជំនាញ បានប្រទះឃើញនៅលើតួប្រាសាទ និងនៅជុំវិញបរិវេណប្រាសាទភ្នំបាណន់កន្លងមក ឃើញថាប្រាសាទនេះ មានក្បាច់រចនាលាយចម្រុះគ្នាជាច្រើនរចនាបថ គឺពីសតវត្សទី៩ រហូតដល់ចុងសតវត្សទី១៣ នៃគ.ស ប៉ុន្តែក្បាច់រចនានៅសតវត្សទី១៣ នៃគ.ស គឺនៅក្នុងរចនាបថបាយ័ន មានច្រើនជាងគេ គឺស្ថិតក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គសោយរាជ្យពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨នៃគ.ស។

យើងបានរកឃើញសិលាចារឹកមួយផ្ទាំង K202 ចារនៅឆ្នាំ១០៥០នៃគ.ស គឺក្នុងដើមរាជ្យព្រះបាទឩទ័យទិត្យវរ្ម័នទី២ (១០៥០–១០៦៦នៃគ.ស) ដែលឡើងគ្រងរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គគឺព្រះបាទសូរ្យវរ្ម័នទី១ (១០០២–១០៥០នៃគ.ស)។ និងមានសិលាចារឹកមួយផ្ទាំងទៀតចារនៅឆ្នាំ១៨៣០នៃព.ស ត្រូវនឹងឆ្នាំ ១២៨៧នៃគ.ស គឺចុងសតវត្សទី១៣នៃគ.ស បាននិយាយថា ព្រះបាទជ័យចេស្តារាមេសូ ជាប្រះរាជបុត្ររបស់ព្រះបាទ សុកណាន បានយកទីនេះធ្វើជាទីសំណាក់ធម៌ដូចវត្តអារាមដែរ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឱ្យមានលក្ខណៈកាន់តែល្អប្រសើរឡើង។

ប្រាសាទភ្នំបាណន់សព្វថ្ងៃ នៅសល់តួសំខាន់កណ្តាល ក្លោងទ្វារប្រចាំទិសទាំង៤ មួយផ្នែកតូចនៃកំពែងខាងកើត និងនៅសល់ផ្នែកខ្លះនៃប្រាសាទជ្រុងនៃទិសពាយ័ព្យ។ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកត្តាមនុស្ស ប្រាសាទភ្នំបាណន់បានរងការខូចខាត ជាច្រើន ជាពិសេសនៅក្នុងសម័យសង្រ្គាម។

ប្រជាជននៅតែបន្តជឿទៅលើអាទិទេពនៃប្រាសាទភ្នំបាណន់ ដោយពួកគាត់បានធ្វើពិធីបន់ស្រន់សុំសេចក្តីសុខ សុំទឹកភ្លៀងជារៀងរាល់ឆ្នាំ ដើម្បីប្រកបកសិកម្មឱ្យបានផលច្រើនផង និងផុតពីជំងឺដង្កាត់ទាំងឡាយផង។ មិនតែប៉ុណ្ណោះប្រជាជនទូទៅ ជិតឆ្ងាយបានមកលេងកម្សាន្ត និងបន់ស្រន់សុំសេចក្តីសុខ និងសុំអ្វីៗទៅតាមការប៉ងប្រាថ្នារបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម