Connect with us

ផាប់ស្ទ្រីតបើកឡើងវិញ តែត្រូវពង្រឹងការអនុវត្តវិធានការកូវីដ១៩ ក្រោយផ្អាកបណ្តោះអាសន្ន

សៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យ រៀបចំកែលំអរ និងពង្រឹងការរៀបចំវិធានការការពារជំងឺកូវីដ១៩នៅតំបន់ផាប់ស្ទ្រីត ក្រោយរដ្ឋបាលខេត្ត ផ្អាកជាបណ្តោះអាសន្ន កាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយសារមានពលរដ្ឋ បានចូលរួមលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី។

ក្រោយការចុះពិនិត្យ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានអនុញ្ញាតឲ្យបន្តបើកដំណើរការឡើងវិញ ដោយបានណែនាំដូចខាងក្រោម៖

១. សម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កំដៅ ការពាក់ម៉ាស់ និងការលាងសំអាតដៃដោយអាល់កុលជាដើម។

២.កែសម្រួលការប្រគុំតន្ត្រី ដើម្បីជៀសវាងមានការប្រមូលផ្តុំច្រើន និងម្ចាស់អាជីវកម្មដ្ឋាននីមួយៗ ត្រូវពង្រឹងកម្រិតខ្ពស់អនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។

គណៈកម្មការរៀបចំ និងរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖

១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម