Connect with us

តោះមកស្គាល់ ប្រាសាទព្រៃមន្ទីរ នៃរាជធានីហរិហរាល័យ សម្រាប់ឧទ្ទិសថ្វាយទេព ៣ អង្គក្នុងព្រហ្មញ្ញសាសនា

សៀមរាប៖ នៅពាក់កណ្ដាលសតវត្សទី៩ ព្រះបាទជ័យវរ្ម័នទី៣ បានកសាងប្រាសាទព្រៃមន្ទីរក្នុងរាជធានីហរិហរាល័យ ដើម្បីឧទ្ទិសថ្វាយលទ្ធិត្រីមូត៌ិ(ប្រជុំទេពបី) ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ស្ថិតក្នុងរចនាបថព្រះគោ។

តួប្រាង្គកណ្ដាល ឧទ្ទិសថ្វាយព្រះសិវៈ ប្រាង្គខាងត្បូង ឧទ្ទិសចំពោះព្រះព្រហ្ម និងប្រាង្គខាងជើង បូជាចំពោះព្រះវិស្ណុ។ កាលពីជំនាន់កសាង ប្រហែលជាតម្កល់រូបចម្លាក់តំណាងទេពទាំងបី ក្នុងប្រាង្គនីមួយៗ។

ប្រាសាទព្រៃមន្ទីរនេះ កសាងឡើងពីឥដ្ឋមានប្រាង្គ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរាបស្មើមួយ ធ្វើពីថ្មភក់។ តួប្រាង្គទាំងបី មានទ្វារចំហបែរមុខទៅទិសខាងកើត ឯទ្វារនៃទិសបីផ្សេងទៀត ជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់ ផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ ដោយសារតួប្រាសាទបាក់បែកច្រើនអន្លើ ផ្ដែរ សសរពេជ្រ និងស៊ុមទ្វារខ្លះ ធ្លាក់ចេញមកក្រៅតួប្រាសាទ។ ផ្ដែរខាងកើតនៃប្រាង្គកណ្ដាល មានចម្លាក់រូបព្រះឥន្ទគង់​លើដំរីឰរាវ័ណដែលជាយានជំនិះរបស់ព្រះអង្គ តែផ្ដែរផ្សេងៗទៀត ពុំមានចម្លាក់ ឬក្បាច់អ្វីគួរកត់សម្គាល់នោះទេ។

ម្យ៉ាងទៀត នៅខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងរក្សាទឹកតូចមួយ ធ្វើពីថ្មភក់។ នៅលើសាច់ថ្មជុំវិញអាងនេះ យើងឃើញចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូទឹក ដាក់ទឹកស័ក្ដិសិទ្ធិ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយក្រោយចប់ពិធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។

ប្រាសាទនេះ ស្ថិតនៅភាគខាងត្បូងប្រាសាទបាគង ចម្ងាយប្រហែល១គីឡូម៉ែត្រ ក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូង កំពុងទទួលបានការជួសជុលឡើងវិញ៕

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage

កែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម