Connect with us

តំបន់កម្សាន្ដ ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង។

នៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំ ដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិកតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថា បឹងទន្លេផែនហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតឱ្យទឹកមានសភាពថ្លាឈ្វេង និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើន ដូចជា សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍ សហគមន៍។ ដូចនេះភ្ញៀវទេសចរមិនបាច់បារម្ភថាខ្វះខាតអ្វីឡើយ។ សកម្មភាពកម្សាន្តនានាក្នុងសហគមន៍នេះមានដូចជា៖ ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះ ដែលមានច្រើនដំណាក់ និងផ្តល់នូវរសជាតិអារម្មណ៍ប្លែកៗពីគ្នា, ការងូតទឹកជ្រោះកម្សាន្ត, ការពិសាអាហារប្លែកៗក្នុងតំបន់ ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់, ការបោះតង់ស្នាក់នៅប្រកបដោយសុវត្ថិភាពខ្ពស់, ការទស្សនាហ្វូងមេអំបៅ, ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ, ការសិក្សាស្រាវជ្រាវឈ្វេងយល់ពីសហគមន៍, ការទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត៕

អត្ថបទ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
កែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com