Connect with us

មនុស្ស២សែននាក់ជម្លៀសពីផ្ទះ ស្របពេលភ្លើងឆេះបន្តរីករាលដាលលើផ្ទៃដី ប្រហែល២៧ម៉ឺនហិកតា នៅរដ្ឋកាលីហ្វ័រញ៉ា

អាមេរិក៖ អ្នកពន្លត់អគ្គិភ័យ យន្តហោះទម្លាក់ទឹក និងយោធា ត្រូវបានបញ្ជូនទៅកាន់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលបានរីករាលដាល កាន់តែខ្លាំងក្លា នៅទីតាំងចំនួន ២ ផ្សេងគ្នា នៅក្នុងរដ្ឋនេះ។

ប្រជាពលរដ្ឋអាមេរិក ប្រហែល ២សែននាក់ បានជម្លៀសពីលំនៅឋាន នៅតំបន់ឆ្នេរនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ យ៉ាងហោចណាស់ មនុស្ស ៦នាក់ បានស្លាប់ និងផ្ទះចំនួន ៧០០ខ្នង ត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង។ ជាមួយគ្នានេះ ផ្ទះជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ ដែលប្រៀបធៀបទៅនឹងទំហំផ្ទៃដី ស្មើនឹងជាង ៤០ម៉ឺនហិកតា។

មន្ត្រីអ្នកនាំពាក្យពន្លត់អគ្គិភ័យ បានឱ្យដឹងថា ភ្លើងឆេះព្រៃ បានកើតចេញពីរន្ទះបាញ់ចំដើមឈើ នៅភាគខាងជើង និង ភាគកណ្ដាលរដ្ឋកាលីហ្វ័រញ៉ា កាលពីសប្ដាហ៍មុន។ អគ្គិភ័យ បានរាលដាលលើផ្ទៃដីសរុបប្រហែល ២៧ម៉ឺនហិកតា គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ខែសីហា។ នៅភាគជើងរដ្ឋកាលីហ្វ័រញ៉ា ស្ថានភាពភ្លើងឆេះ ត្រូវបានគ្រប់គ្រងបាន ១៧% ខណៈភាគកណ្ដាល គ្រប់គ្រងបាន ១០% ។

កម្លាំងពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនពីរដ្ឋចំនួន ៥ ដែលនៅជិតគ្នា ដើម្បីចូលរួមការពន្លត់ភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា។ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ថវិកាដើម្បីជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យ នៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋបាលចំនួន ៧ ផងដែរ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម