Connect with us

យុវជនមួយក្រុមធាក់ស៊ីក្លូទៅដល់សៀមរាបដើម្បីឱ្យស៊ីក្លូមានវត្តមានលើទឹកដីអង្គរនេះ

សង្គម៖ សាកស្រមៃមើលថា គ្រាន់តែជិះរថយន្តពីភ្នំពេញទៅសៀមរាបចំណាយពេលជិត ១ថ្ងៃទៅហើយ និងមានការអស់កម្លាំងទ្រោមខ្លួនក្នុងការធ្វើដំណើរ ចុះទម្រាំតែធាក់ស៊ីក្លូទៀត តើត្រូវចំណាយពេលយូរ និងភាពអំណត់ប៉ុណ្ណាទម្រាំទៅដល់គោលដៅ?

សម្រាប់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះ ក្រុមយុវជនស៊ីក្លូដែលមានសមាជិក ៩ នាក់ បានបង្កើតព្រឹត្តិការណ៍ធាក់ស៊ីក្លូពីភ្នំពេញទៅសៀមរាបក្នុងគោលបំណងចូលរួមអភិរក្សស៊ីក្លូឱ្យនៅតែមានវត្តមានក្នុងប្រទេសកម្ពុជា និងដើម្បីស្វែងរកថវិកាខ្លះៗសម្រាប់ជូនទៅដល់លោកតាចាស់ៗដែលមានមុខរបរធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។

ទោះជាយ៉ាងណា ដោយសារក្នុងពេលបច្ចុប្បន្ន ស៊ីក្លូ ស្ទើរតែគ្មានអ្នកជិះទៅហើយនោះគឺជាការព្រួយបារម្ភមួយដែលវត្តមានយាន្តជំនិះមួយនេះ អាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលអនាគតដែលជាក់ស្តែង វាត្រូវបានកកើតឡើងតាំងពីទស្សវត្សរ៍ទី៣០មកម្ល៉េះ ពោលគឺតាំងពីឆ្នាំ ១៩៣៦។

តាមរយៈបទសម្ភាសរវាងប្រធានក្រុមលោក អ៊ីវ សំណាង ជាមួយនឹង MyTV Plus បានបញ្ជាក់ថា ព្រឹត្តិការណ៍ធាក់ស៊ីក្លូពីភ្នំពេញទៅខេត្តសៀមរាបនេះ មិនមែនជារឿងងាយស្រួលឡើយ ដោយក្រុមរបស់លោក បានជួបឧបសគ្គជាច្រើនដូចជា កន្លែងសម្រាកមានលក្ខណៈតែលតោល ពោលគឺធ្វើដំណើរបានត្រឹមណា សម្រាកត្រឹមត្រង់នឹងដូចជានៅតាមវត្តអារ៉ាម សំយាបផ្ទះគេ ថែមទាំងកាលៈទេសៈខ្លះគឺគេងមិនបានសម្អាតខ្លួនថែមទៀតផង។

រីឯម្ហូបអាហារ ក៏ត្រូវទៅផ្សារដើម្បីទិញបន្លែសាច់មកចម្អិនដោយខ្លួនឯងផងដែរ។ រយៈពេលធ្វើដំណើរពីភ្នំពេញទៅសៀមរាបនេះដែរ លោក អ៊ីវ សំណាង បានឱ្យដឹងបន្ថែមថា ក្រុមរបស់លោកបានចំណាយពេល ៣ យប់ ៤ថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ខែសីហា វេលាម៉ោង ៤ រសៀលដោយម្នាក់ៗខំប្រឹងធាក់ស៊ីក្លូទាំងយប់ទាំងថ្ងៃ។ មានពេលខ្លះដល់ម៉ោង ១២ អាធ្រាត្រ និងពេលខ្លះដល់ម៉ោង ៤ ទៀបភ្លឺក៏មាន ដើម្បីបានទៅដល់គោលដៅតាមការកំណត់ទុក ហើយមូលហេតុដែលនាំឱ្យលោកជ្រើសរើសយកខេត្តសៀមរាបជាចំនុចផ្សព្វផ្សាយស៊ីក្លូដំបូងគេ ដោយសារទឹកដីអង្គរគឺជាតំបន់វប្បធម៌ដ៏ល្អឯក។

គួរបញ្ជាក់ដែរថា នៅពេលចាប់ផ្តើមព្រឹត្តិការណ៍នេះឡើងមិនមានការជួយឧបត្ថម្ភពីខាងណាឡើយ ប៉ុន្តែនៅពេលដែលលោក អ៊ីវ សំណាង បានបន្តសកម្មភាពនេះជាមួយនឹងឆន្ទៈដ៏មោះមុត ក៏មានការចូលរួមឧបត្ថម្ភតាមទឹកចិត្តពីមនុស្សជុំវិញខ្លួនជាការលើកទឹកចិត្តស្មារតីក្រុមរបស់លោក។ ទោះជាយ៉ាងណាបេសកកម្មនេះបានទទួលថវិកាពីសប្បុរជនសរុបចំនួន ១.១៥០ ដុល្លារ និង ៥០៧.០០០ រៀល និងបានប្រគល់ជូនដល់លោកតាចាស់ៗដែលមានមុខរបរជាអ្នកធាក់ស៊ីក្លូរួចរាល់ហើយដែរ។

បេសកកម្មដំបូងដែលក្រុមលោកបាននាំយកស៊ីក្លូទៅដាក់តាំងនៅមុខប្រាសាទអង្គរតូច និងអង្គរធំទទួលបានជោគជ័យជាស្ថាពរហើយ។ សម្រាប់បេសកកម្មបន្ទាប់ លោក អ៊ីវ សំណាង បានបញ្ជាក់ថា ខេត្តកំពត អាចជាគោលដៅថ្មីមួយទៀតនាថ្ងៃខាងមុខ ប៉ុន្តែដោយសារតែមានភាពមមាញឹកច្រើនទើបលោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម