Connect with us

ផលិតកម្មថោន ប្រតិកម្មនឹងខ្លឹមសារដែលលោក ខេម បង្ហោះក្នុងហ្វេសប៊ុក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលោក ខេម បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកមិញនេះ ផលិតកម្មថោន បានធ្វើការបដិសេធចំពោះការខ្លឹមសារមួយរបស់ ខេម ថា៖ “ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងភ្នំពេញ”។

ផលិតកម្មថោន បានចាត់ទុកការខ្លឹមសារដែលបង្ហោះលើហ្វេសប៊ុករបស់លោក ខេម ជាការផ្សាយព័ត៌មានមិនពិត និង បរិហារកេរ្តិ៍ជាសាធារណៈ ព្រមទាំងស្នើឱ្យលោក ខេម ចេញមកសុំទោសជាសាធារណៈ និងកែតម្រូវខ្លឹមសារដែលបានបង្ហោះជាបន្ទាន់។

ផលិតកម្មថោន បានប្រកាសថា លោកស្រី ជួប មាន ជាអគ្គនាយិកា (ម្ចាស់ផលិតកម្មថោន) បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ (វិញ្ញាបនបត្រអាជីវកម្ម ទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលេខ ១៥៧ អនញ សភផវ) មិនមានតួនាទីអ្វីជាមន្ត្រីរាជការនោះឡើយ។

សូមជម្រាបថា តារាចម្រៀងលោក ខេម នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ហាញពីមូលហេតុដែលលោក សម្រេចចិត្តចាកចេញពីផលិតកម្មថោន។

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ផលិតកម្មថោន បានធ្វើការប្រកាសជាសាធារណៈ ឱ្យតារាចម្រៀង លោក ខេម ទៅដោះស្រាយជាមួយផលិតកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយខ្លួនឯង ទាំងកុងត្រាមិនទាន់ផុតកំណត់នោះឡើយ។ បើតាមលិខិតរបស់ផលិតកម្មថោន បានឱ្យដឹងថា កុងត្រារបស់លោក ខេម មានសុពលភាពរហូតដល់ចុងខែធ្នូ ឆ្នាំ២០២០នេះ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ខេម បានធ្វើការស្រាយបំភ្លឺថា លោកបានសុំលាឈប់ពីផលិតកម្មថោនដោយត្រឹមត្រូវ មានទាំងលិខិតលាឈប់ ព្រោះលោកគិតថា ផុតកុងត្រាហើយ ប៉ុន្តែខាងផលិតកម្ម មិនបានគេចវេះមិនព្រមទទួលលិខិតលាឈប់របស់គាត់នោះទេ។

លោក ខេម បានបន្តថា ការសម្រេចចិត្តចាកចេញពីផលិតកម្មថោន ដែលរួមរស់ជាមួយអស់ជាច្រើនឆ្នាំនេះ គឺដោយសារតែបញ្ហាបក្ខពួកនិយមក្នុងក្រុមហ៊ុន ខណៈលោកមិនត្រូវបានខាងផលិតកម្មនោះយកចិត្តទុកដាក់ឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម