Connect with us

ភ្នំថ្មពួក សម្បត្តិបេតិកភណ្ឌជាតិដែលមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងជីវចម្រុះជាច្រើន

កំពត៖ ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌មិនអាចកាត់ថ្លៃដែលដូនតាខ្មែរបានកសាងប្រាសាទថ្មពួកនេះឡើងក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពីប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក មានរឿងរ៉ាវពាក់ព័ន្ធនឹងស្តេចព្រះយ៉ង់កោ និងព្រះនាងសក់ក្រអូបជាមាតា ដែលត្រូវបានសត្រូវចាប់យកទៅដែលដំណាលរឿងនៅលើភ្នំនេះ មានរូងភ្នំប្រវត្តិសាស្ត្រមួយដែលត្រូវសិក្សាបន្ថែម។

  

ភ្នំថ្មពួកមានតម្លៃផ្នែកជីវៈចម្រុះជាច្រើន ព្រោះជាជម្រកសត្វ និងរុក្ខជាតិច្រើនប្រភេទ រួមទាំងប្រភេទសត្វកម្រដែលជិតផុតពូជទៀតផង តម្លៃផ្នែកភូមិសាស្ត្រគឺ តួភ្នំទាំងមូលជាប្រភេទដីគ្រួសក្រហម និងថ្មបាយក្រៀម។ ភ្នំថ្មពួក ស្ថិតនៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ចំងាយ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤១(ផ្លូវព្រះអង្គឌួង ) នៅលើផ្លូវជាតិលេខ ៤១ ត្រង់បង្គោលថ្មលេខ ៨៨ អ្នកនឹងឃើញផ្លូវដីក្រហម ហើយបត់ចូលតាមផ្លូវនោះរួចបន្តដំណើរប្រមាណ ២ គីឡូម៉ែត្រនឹងទៅដល់ភ្នំថ្មពួក។

ប្រាសាទថ្មពួក ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ ៦៦៥៨ ជាសម្បត្តិបេតិកភណ្ឌជាតិ និងផ្ទៃដីភ្នំថ្មពួកគ្របដណ្តប់លើទំហំដីប្រមាណ ៣៣ ហិកតា និងបានបោះបង្គោលព្រំសម្គាល់ជាតំបន់បេតិកភណ្ឌវប្បធម៌ ដោយក្រសួង វប្បធម៌ និងវិចិត្រសិល្ប: រួចហើយ។ រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន ១៧៣ ទីតាំងនៅតាមតំបន់ភ្នំក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌ សម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំថ្មពួកផងដែរ។

ក្រសួងបរិស្ថានសហការជាមួយស្ថាប័ន ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននឹងស្នើសុំរដ្ឋាភិបាលបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំថ្មពួក រួមមាន៖ ១)ភ្នំថ្មពួកដែលមានប្រាសាទថ្មពួកនៅលើនោះ។ ២)ស្រះបុរាណ (ស្រះល្បើក ឬស្រះថ្មអណ្តែត) ទំហំ ០២ហិចតា ស្ថិតនៅប្រមាណ ១០០០ ម៉ែត្រពីភ្នំដែលដូនតាខ្មែរបានជីកជាឧបសម្ព័ន្ធនៃប្រាសាទថ្មពួក។ និង៣) បឹងធម្មជាតិ (បឹងថ្មពួក) គ្របដណ្តប់លើផ្ទៃដី៤៥ ហិចតា៕

ប្រភព៖ បេតិកភណ្ឌប្រចាំថ្ងៃ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម