Connect with us

Messi ស្នើសុំផ្លាស់ចេញពី Barcelona ជាផ្លូវការ ក្រោមលក្ខខណ្ឌមួយក្នុងកុងត្រាជាមួយក្លិប

La Liga៖ Lionel Messi ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Barcelona បានធ្វើលិខិតទៅកាន់ក្លិបកាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រាប់ពីបំណងក្នុងការផ្លាស់ចេញពីក្លិបយក្សអេស្ប៉ាញនេះ ក្រោមលក្ខខណ្ឌមួយដែលបានចារក្នុងកុងត្រារបស់កីឡាករវ័យ៣៣ឆ្នាំនេះ ដែលអនុញ្ញាតឱ្យគេផ្លាស់ចេញដោយមិនមានតម្លៃខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅប៉ុន្មានម៉ោងមុននេះ។

កុងត្រារបស់ Messi ជាមួយក្លិប Barcelona បានចារត្រង់ចំណុចមួយថា សាមីកីឡាករអាចផ្លាស់ចេញពីក្លិបដោយគ្មានតម្លៃខ្លួន ប្រសិនបើរូបគេ ធ្វើការជូនដំណឹងដល់ក្លិបនៅមុនថ្ងៃទី១០ ខែមិថុនា។ ចំណុចនេះ ជាបញ្ហាដ៏ចម្រូងចម្រាសមួយ ព្រោះ Barcelona យល់ថា លក្ខខណ្ឌនេះបានផុតសុពលភាពទៅហើយ ខណៈ Messi និងភ្នាក់ងាររបស់ខ្លួន យល់ថា វាគួរតែត្រូវបានពន្យារពេលយូរជាងនេះ ដោយសារតែការអូសបន្លាយនៅរដូវកាលនេះ បង្កដោយវិបត្តិកូវីដ១៩។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Carles Puyol អតីតមិត្តរួមក្រុមរបស់ Messi បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា៖ “ដោយក្ដីគោរព និងសរសើរ Leo ខ្ញុំគាំទ្រពេញទំហឹង មិត្ត”។ ចំណែក ខ្សែប្រយុទ្ធ Luis Suarez របស់ Barcelona ក៏បានគាំទ្រនូវការបង្ហោះនេះ ជាមួយនឹង រូប “ទះដៃ (emoji)”។

សូមជម្រាបថា កុងត្រារបស់ Messi ជាមួយ Barcelona នឹងផុតកំណត់នៅឆ្នាំ២០២១។ ប៉ុន្តែ សាមីកីឡាករ និងក្លិប បានឯកភាពគ្នាលើលក្ខខណ្ឌ ដែលអនុញ្ញាតឱ្យគេផ្លាស់ចេញដោយមិនមានតម្លៃខ្លួន ប្រសិនបើរូបគេ ធ្វើការជូនដំណឹងដល់ក្លិបនៅមុនថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម