Connect with us

អាថ៌កំបាំងដែលកប់បាត់ច្រើនសតវត្សរ៍នៃបន្ទុះភ្នំភ្លើង ហ្វូជី នៅជប៉ុន ត្រូវបានលាតត្រដាង

តូក្យូ៖ ភ្នំ ហ្វូជី (Fuji) គឺជាភ្នំភ្លើងធំបំផុតនៅក្នុងប្រទេសជប៉ុន ដែលជាភ្នំភ្លើងកំពុងមានសកម្មភាព។ ការផ្ទុះលើកចុងក្រោយរបស់ភ្នំភ្លើងហ្វូជី បានកើតឡើងកាលពីជាង ៣សតវត្សរ៍មុន ប៉ុន្តែជាច្រើនឆ្នាំកន្លងមកនេះ គេនៅតែមានការបារម្ភពីការផ្ទុះឡើងសាជាថ្មី។

ក្រុមអ្នកស្រាវជ្រាវជប៉ុន កំពុងតាមប្រមាញ់នូវអាថ៌កំបាំងមួយ ដែលបានលិចកប់ជាច្រើនសតវត្សរ៍ បន្ទាប់ពីបន្ទុះភ្នំភ្លើងហ្វូជីលើកចុងក្រោយនោះ។ គេជឿជាក់ថា ភូមិដ៏ចំណាស់មួយ ត្រូវបានកប់បាត់ដោយសារបន្ទុះភ្នំភ្លើងនេះ។

ពាក្យពីមាត់មួយទៅមាត់មួយ បានឱ្យដឹងថា ភូមិមួយឈ្មោះថា Subashiri ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រពីភ្នំភ្លើងហ្វូជី ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងកប់ដោយកំអ៊ែរចេញពីបន្ទុះភ្នំភ្លើងហ្វូជី ដែលមានកម្រាស់ប្រហែល ៣ម៉ែត្រ កាលពីឆ្នាំ១៧០៧។ ផ្លូវបុរាណមួយ ដែលជាច្រកឡើងទៅកាន់ភ្នំនេះ ក៏ត្រូវបានកប់បាត់ផងដែរ។

កាលពីខែមិថុនា ឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យទីក្រុងតូក្យូ បានរកឃើញនូវពន្លឺខ្លះៗទាក់ទងនឹងបន្ទុះភ្នំភ្លើងហ្វូជីនេះ។ អំឡុងពេលសិក្សាសណ្ឋានដី ពួកគេបានរកឃើញការបន្សល់ទុកមួយដែលគេសង្ស័យថា ជាសសរផ្ទះបុរាណ ដែលស្ថិតនៅក្រោមថ្មដែលបង្កចេញពីបន្ទុះភ្នំភ្លើងនេះ។ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន បានចាត់ទុកការរកឃើញនេះ ជារបកគំហើញដ៏សំខាន់មួយ។

អ្នកជំនាញរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា បើសិនជាភ្នំភ្លើងហ្វូជី នឹងផ្ទុះដូចកាលពីផ្ទុះលើកចុងក្រោយនោះ ការខូចខាត នឹងមានសភាពធ្ងន់ធ្ងរ។ ផ្លូវថ្នល់ ផ្លូវដែក និង ព្រលានយន្តហោះ នៅក្នុង និងជុំវិញទីក្រុងតូក្យូ ដែលស្ថិតក្នុងកាំរង្វង់ ៩០គីឡូម៉ែត្រពីភ្នំភ្លើង នឹងរងផលប៉ះពាល់៕

ប្រភព៖ NHK

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម