Connect with us

អ្នកជំនាញអន្តរជាតិ ៖ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ ប៉ុន្តែកម្រិតកំណើន អាចនឹងរងការប្រឈមខ្លះៗនៅក្នុងរយៈពេលមធ្យម

ភ្នំពេញ ៖ ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុពិភពលោក (IMF) សម្រាប់ឆ្នាំ២០១៨ លោក Jarkko Turunen បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវឆ្ពោះទៅរកការរីកចម្រើន ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ច កំពុងធ្វើពិពិធកម្មជាបណ្តើរៗ ហើយប្រាក់ចំណូលប្រជាជនក៏បានបន្តកើនឡើង និងភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។


លោក បន្តថា ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នេះ គឺបានដោយសារកត្តា២ធំៗ៖ (១) ភាពរឹងមាំនៃតម្រូវការទីផ្សារបរទេសលើទំនិញនាំចេញរបស់កម្ពុជា និង (២) ការអនុវត្តគោលនយោបាយវត្ថារកម្មថវិកា របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការវិនិយោគលើវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលបម្រើដល់ការបង្កើនផលិតភាពរបស់សេដ្ឋកិច្ច។
ទោះយ៉ាងណា លោក បានគូសបញ្ជាក់ថា ក្នុងរយៈពេលមធ្យម កម្រិតនៃកំណើនសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យធំៗទាំងខាងក្នុង និងខាងក្រៅមួយចំនួន ដូចជា៖ (១) កំណើនឥណទាននៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រមូលផ្តុំលើវិស័យអចលនទ្រព្យ និងនៅពឹងផ្អែកលើមូលធនពីខាងក្រៅ (២) កំណើនសម្ពាធលើថវិកាជាតិ ទាំងផ្នែកចំណូល និងចំណាយ (៣) និន្នការនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និង (៥) ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសចិន ដែលអាចមានឥទ្ធិពលលើការវិនិយោគពីក្រៅស្រុក (FDI) មកកម្ពុជា។ 
ស្ថិតក្នុងទិដ្ឋភាពនេះ ជាការព្យាករណ៍ទៅមុខ លោក Jarkko បានសង្កត់ធ្ងន់ថា កម្ពុជាមានលទ្ធភាពបន្តរក្សាកំណើននេះ ក្នុងកម្រិត៧% សម្រាប់រយៈពេលមធ្យម ក្នុងលក្ខ័ណ្ឌដែលកម្ពុជាបន្ត ជម្រុញឱ្យកាន់តែស៊ីជម្រៅលើការកែទម្រង់ជារចនាសម្ព័ន្ធ ជាពិសេសលើផ្នែកសារពើពន្ធ និងអភិបាលកិច្ច ព្រមទាំងការបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងធនធានមនុស្ស។


សូមបញ្ជាក់ថា លោក Jarkko Turunen ជាប្រធានក្រុមបេសកកម្មបានដឹកនាំក្រុមការងារចុះតាមដានវាយតម្លៃពីស្ថានភាពម៉ា-ក្រូសេដ្ឋកិច្ចកម្ពុជាចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា រហូតដល់ថ្ងៃទី ០២ ខែតុលាឆ្នាំ ២០១៨។ ជាលទ្ធផល ក្រុមបេសកកម្ម Article IV បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៨ មានភាពល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ច នឹងស្ថិតក្នុងអត្រា៧.២៥% ព្រមជាមួយនឹងអត្រាអតិផរណាមានកម្រិតទាបត្រឹម ២,៥% ហើយវិស័យសារពើពន្ធក៏មានភាពរឹងមាំ ជាពិសេសការប្រមូលចំណូល និងការគ្រប់គ្រងបំណុលសាធារណៈ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម