ប្រាសាទនេះ មានសិវលិង្គធំជាងគេបង្អស់ក្នុងតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖ ប្រាសាទភ្នំបូក បានកសាងឡើងដំណាលគ្នានឹងប្រាសាទភ្នំក្រោម និងប្រាសាទភ្នំបាខែង។ ប្រាសាទនេះ បានកសាងឡើង ចុងសតវត្សរ៍ទី៩ ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា លទ្ធិត្រីមូត៌ិ ឬប្រជុំរូបបី។ ប្រាសាទរចនាបថបាខែងមួយនេះ មានប្លង់ដូចគ្នានឹងប្រាសាទភ្នំក្រោម គឺមានប្រាង្គសំខាន់បី និងបណ្ណាល័យឬហោត្រៃចំនួនបួននៅខាងមុខ។
ប្រាសាទភ្នំបូក មានប្រាង្គសំខាន់បី ធ្វើពីថ្មភក់ ស្ថិតនៅលើខឿនតែមួយ បែរមុខទៅទិសខាងកើត។ ក្នុងចំណោមប្រាង្គទាំងបី ប្រាង្គកណ្ដាលឧទ្ទិសថ្វាយព្រះឥសូរ ប្រាង្គខាងត្បូងឧទ្ទិសចំពោះព្រះព្រហ្ម និងប្រាង្គខាងជើងបូជាចំពោះព្រះវិស្ណុ។ ដោយឆ្លងកាត់រយៈពេលច្រើនសតវត្សរ៍ ប្រាសាទភ្នំបូក មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រាង្គទាំងបី បែកបាក់ច្រើនអន្លើ ដោយថ្មភាគច្រើននៃកំពូលប្រាសាទ បានរលុះធ្លាក់មកដី។ ចំណែកឯ ប្រាសាទតូចៗទាំងបួន នៅខាងមុខប្រាង្គសំខាន់ទាំងបី ក៏បែកបាក់ដោយច្រើនផងដែរ។ ប្រាសាទតូចៗពីរ ដែលធ្វើពីថ្មភក់ មានដើមផ្កាចំប៉ីយ៉ាងធំដុះចំពីលើ ឯប្រាសាទឥដ្ឋនៅសងខាង បានរលំបាក់អស់ នៅសល់តែគ្រឹះ។
ក្រៅពីសំណង់ប្រាសាទ មានសំណង់ដ៏អស្ចារ្យមួយទៀត គឺកន្លែងតម្កល់ព្រះសិវលិង្គធំជាងគេបង្អស់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រះសិវលិង្គនេះ មានប្រវែង៤ ម៉ែត្រ អង្កត់ផ្ចិត១,២០ម៉ែត្រ ហើយមានទម្ងន់ប្រហែល១០តោន ដែលគេតម្កល់ទុកនៅលើខឿនថ្មបាយក្រៀម ខាងលិចប្រាសាទ តែបច្ចុប្បន្ន ព្រះសិវលិង្គនេះ ក៏បាក់បែកច្រើនផងដែរ។
ម្យ៉ាងទៀត ចម្លាក់ទេពដែលតម្កល់នៅក្នុងប្រាង្គសំខាន់ទាំងបី សុទ្ធតែមានក្បាច់រចនាយ៉ាងល្អឆើត ត្រូវជនជាតិបារាំងយកទៅប្រទេសបារាំងកាលពីឆ្នាំ១៨៧៣ ហើយតម្កល់ទុកនៅសារមន្ទីរជាតិហ្គីមេសព្វថ្ងៃ។ ប្រាសាទភ្នំបូកនេះ ស្ថិតនៅលើភ្នំធម្មជាតិមួយ ដែលមានរយៈកម្ពស់២៣៥ម៉ែត្រ ក្នុងភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍