Connect with us

អភិបាលរាជធានីភ្នំពេញថា ពិនិត្យលទ្ធភាពរកអ្នកវិនិយោគ ទិញទីតាំងអគារចាស់ៗ នៅសង្កាត់មនោរម្យ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា លោកនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗ ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នា។

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី ស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអាគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រមុនីវង្ស និងមហាវិថីកម្ពុជាក្រោម លោក ឃួង ស្រេង បានលើកឡើងថា សំណង់អគារចាស់ដែលបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០នេះ រាប់ទាំងអគារចាស់ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលធ្លាប់ទទួលបានសេចក្ដីជូនដំណឹងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកហើយនោះ មានចំនួនសរុបរហូតដល់ប្រមាណ ២៤៤ទីតាំងឯណោះ។

ទន្ទឹមនឹងនោះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញឱ្យប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀសវាង មានហានិភ័យកើតឡើង ហើយកុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់៕

អត្ថបទ៖ គង់ ប៊ុនណា

កែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com