Connect with us

អ្នកជំងឺគ្រុនផ្តាសាយធំ (Influenza A) ចម្លងតៗគ្នាក្នុងពន្ធនាគារមួយនៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តរកកូវីដ១៩

ព្រះវិហារ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នាព្រឹកវេលាម៉ោង០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។

ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រោម៖

១- អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩

២- អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និង

៣- អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ បានបង្ហាញ​ថា អវិជ្ជមានវីរុសកូវីដ១៩ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ១៩នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបាន ក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំសុខភាពដើម្បីឱ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឱ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម