Connect with us

ក្រសួងសុខាភិបាល នឹងប្រគល់សាលារៀនមួយចំនួនដែលប្រើសម្រាប់ចត្តាឡីស័ក ជូនទៅក្រសួងអប់រំវិញ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា សាលារៀនមួយចំនួនដែលយកមកធ្វើកន្លែងចត្តាឡីស័ក នឹងប្រគល់ទៅឱ្យមន្ទីរអប់រំវិញ ខណៈដែលការសិក្សារបស់សិស្សខិតជិតមកដល់ ហើយសាលារៀនដែលត្រូវប្រគល់មុនគេ គឺសាលារៀនជម្ពូរវ័ន។

ទន្ទឹមនឹងនេះ លោកស្រីថា ក្រសួងសុខាភិបាល រួមជាមួយសាលារាជធានីភ្នំពេញ បានរកទីតាំងថ្មីសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ ដែលអាចដាក់អ្នកជំងឺបានរហូតដល់ប្រមាណ ៨០០-៩០០នាក់ ដែលមានទាំងបន្ទប់សម្រាប់ព្យាបាលជំងឺបឋមផងដែរ បើសិនមានអាការៈមិនស្រួលភ្លាមៗជាមួយគ្រូពេទ្យឯកទេសនៅទីនោះស្រាប់។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា អគារមណ្ឌលចតា្ដឡីស័កចំនួន ៤ ដែលនឹងត្រូវសាងសង់ និងរួចរាល់ក្នុងពេលឆាប់ៗនេះ ហើយនឹងយកជាទីតាំងរួមតែម្ដង ទុកសម្រាប់ចត្ដាឡីស័កពលរដ្ឋកម្ពុជា ដែលបានធ្វើដំណើរពីក្រៅប្រទេសត្រឡប់ចូលមកស្រុកវិញ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្តថា គិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកដំណើរសរុបជាង ៤ម៉ឺននាក់ និងមានករណីវិជ្ជមានកូវីដ១៩ ចំនួន ១៤៦នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកដំណើរពីក្រៅប្រទេស ត្រឡប់ចូលមកកម្ពុជា គឺមានមណ្ឌលចត្ដាឡីស័កចំនួន៥ សម្រាប់សម្រាករង់ចាំទទួលលទ្ធផលតេស្ដកូវីដ១៩ ដែលមាននៅវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ដែលត្រូវប្រគល់ជូនក្រសួងអប់រំវិញ ពេលបើកដំណើរការសិក្សាខាងមុខនេះ, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង, នៅកងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី និងអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពោធិ៍ចិនតុង៕

អត្ថបទ៖ ង៉ុង សាន់

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម