Connect with us

រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ពុះជា២ ធ្វើពីស្នោ ត្រូវបានស្នើឱ្យរុះរើក្នុងរយៈពេល៣ថ្ងៃ

កំពង់ចាម៖ មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានស្នើឱ្យភោជនីយដ្ឋានមួយ ធ្វើការរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ពុះជា២ ដែលធ្វើធំពីស្នោ ក្នុងរយៈពេល៣ថ្ងៃ។ នេះដោយយោងតាមលិខិតរបស់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម។

ការស្នើឱ្យមានការរុះរើចេញនេះ បន្ទាប់ពីក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ដោយសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងការិយាល័យនគរបាលបេតិកភណ្ឌខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ ហើយបានពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រង់ទ្រាយដើម រចនាបថខ្មែរ។ ម្យ៉ាងវិញទៀត ដោយសារយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញែកចេញជាពីរចំណែក។

មន្ទីរបានស្នើឱ្យម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឱ្យមានភាពឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។

សូមបញ្ចាក់ថា រូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោហើយពុះតួប៉មប្រាសាទញែកចេញជាពីរចំណែកនោះ មានទីតាំងនៅក្នុងភោជនីយដ្ឋាន ស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ដោយ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម