Connect with us

ចម្លាក់ដីដែលបានរំលេចរចនាបថយ៉ាងល្អឯក អាចនឹងត្រូវលុបចោលវិញ

សៀមរាប៖ ចម្លាក់ដីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដោយបុរសម្នាក់ត្រូវបានស្គាល់ឈ្មោះថា ពាញ ស៊ីថា និងប្អូនប្រុសរបស់លោក បានប្រើប្រាស់ដីឥដ្ឋមកឆ្លាក់ជាបន្ទប់គេង មានគ្រែ តុ កៅអី ប្រៀបបាននឹងផ្ទះអភិជនអមទៅដោយក្បាច់ផ្កាភ្ញីលើជញ្ជាំងយ៉ាងស្រស់ស្អាត។ ចម្លាក់នៃបន្ទប់គេងមួយនេះបានធ្វើឡើងនៅទីតាំងព្រៃសហគមន៍គោកតឹង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមការឱ្យដឹងពីម្ចាស់ស្នាដៃផ្ទាល់បានបញ្ជាក់ថា សមិទ្ធផលមួយនេះជាគំនិតច្នៃប្រឌិតដោយការសង្កេតពីគ្នាទៅវិញទៅមកបូករួមនឹងគំនិតច្នៃប្រឌិតរបស់ខ្លួនឯងផងទើបអាចចេញជារូបរាងទាំងស្រុង ហើយលោកក៏បានបញ្ជាក់ដែរថា លោកមិនធ្លាប់បានសិក្សាពីផ្នែកចម្លាក់ឡើយ ហើយចម្លាក់ដីនេះបានប្រើប្រាស់កម្លាំងពលកម្មមនុស្សសុទ្ធសាធដោយលោកបានជួលមនុស្ស ៩ នាក់ និងបែងចែកជា ២ ក្រុមដោយផ្តល់ប្រាក់កម្រៃថ្លៃពលកម្មឱ្យជាប្រចាំផងដែរ។

ចម្លាក់ដីនេះត្រូវការប្រភេទដីឥដ្ឋមិនមានលាយល្បាយ ខ្សាច់ ឬ ថ្មទើបអាចឆ្លាក់ចេញជារូបភាពរស់រវើកបាន ហើយការងារនេះត្រូវចំណាយរយៈពេលពី ១ខែ ទៅ ២ ខែក្នុងមួយរណ្តៅ។ លោក ពាញ ស៊ីថា បានបន្ថែមថា ការពិតចម្លាក់ដីនេះលោកគ្រាន់តែច្នៃវាឡើងដើម្បីចង់ធ្វើអាជីវកម្មលើ យូធូប របស់ខ្លួនប៉ុណ្ណោះ ដូចនេះលោកបានខ្ចីដីគេបណ្តោះអាសន្ន។ ក្រោយថត និងកាត់តវីដេអូរួច លោកនឹងលុបដីវិញដើម្បីសងម្ចាស់ដើមគេវិញ ក្រោយបង្ហាញពីដំណឹងដែលត្រូវលុបចម្លាក់ដីនេះវិញ មហាជនបានបង្ហាញការព្រួយបារម្ភ និងសោកស្តាយជាខ្លាំង និងបានសំណូមពរឱ្យទុកសមិទ្ធផលនេះដើម្បីជាវិស័យទេសចរណ៍ក្នុងស្រុក។

គួរបញ្ជាក់ដែរថា ចម្លាក់ដែលបានឆ្វៀលដីឱ្យចេញជាទ្រង់ទ្រាយទៅតាមគម្រោងផែនការខុសៗគ្នាមានទម្រង់សិល្បៈចម្រុះដូចជា ចម្លាក់សិល្បៈបរទេស ចម្លាក់ខ្មែរ បុរាណ សម័យ ប៉ុន្តែដោយសារធ្វើពីដីឥដ្ឋទើបចម្លាក់មួយនេះមិនធន់នឹងទឹកឡើយ។ ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ថែមទាំងមានការចែករំលែករូបភាពទាំងនោះក្នុងបណ្តាញសង្គមផងនោះ លោក ធៀង ណារិទ្ធ សមាជិកក្រុមប្រឹក្សាឃុំចាន់ស បានសម្តែងនូវការគាំទ្រចំពោះសកម្មភាពរបស់យុវជនទាំង ២ ដែលបានបង្កើតនូវរូបភាពសិល្បៈប្លែកៗនេះឡើង។

ម៉្យាងទៀត សកម្មភាពមួយនេះក៏បានចូលរួមជួយដល់ប្រជាពលរដ្ឋមួយចំនួនឱ្យទទួលបានប្រាក់កម្រៃចៀសវៀងការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារ។ លោក ធៀង ណារិទ្ធ បានសន្យានឹងជួយការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមគោលដៅនៅទីនោះ ព្រមជាមួយនឹងចំណតរថយន្ត ម៉ូតូដើម្បីស្វែងរកថវិកាចែកជូនកម្លាំងការពារនៅទីនោះ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម