Connect with us

សពរបស់អតីតមេគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានបូជា នៅរសៀលនេះហើយ

ភ្នំពេញ៖ សាកសពរបស់អតីតមេគុកទួលស្លែង ឬក៏មន្ទីរស២១ លោកកាំង ហ្កេកអ៊ាវ ហៅ ឌុច បានបូជានៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានសាច់ញាតិរបស់លោកប្រហែលប្រាំនាក់ រួមទាំងមនុស្សមួយចំនួនតូចផ្សេងទៀត។

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ហើយបានទទួលមរណភាពកាលពីវេលាម៉ោង០០:៥១ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងវ័យ៧៨ឆ្នាំ។

ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។

ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។

សូមបញ្ជាក់ថាឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រមួយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម