Connect with us

ម្ចាស់ក្សត្រិយ៍ សិរិនថន ព្រះប្រទានព្រះរាជឧបត្ថម្ភក្នុងវិស័យអប់រំនៅកម្ពុជា រយៈពេល៥ឆ្នាំ

បាងកក៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន បានព្រះប្រទានព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ស្ដីពីការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ព្រះអង្គ សម្រាប់រយៈពេល ០៥ឆ្នាំបន្ថែមទៀត គិតចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ពិធីចុះហត្ថលេខាលើគម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជាលើវិស័យអប់រំ ត្រូវបានធ្វើឡើងដោយការចូលរួមរបស់លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ បើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកទេសកសិកម្ម និងឧស្សាហកម្ម ក្នុងបេសកកម្មបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅកម្ពុជា។

គម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ បានកើតចេញពីការព្រះរាជតម្រិះផ្ដួចផ្ដើមរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន ក្នុងគោលបំណងចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សម្រាប់យុវជនកម្ពុជា ប្រៀបដូចជាអំណោយប្រកបដោយចីរភាពដល់ប្រជាជនកម្ពុជា ដែលជាមិត្តនឹងគ្នាជាយូរអង្វែងមកហើយ។

ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភកន្លងមក បានជំរុញទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យកាន់តែល្អប្រសើរ ជាពិសេស បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋ ឯកជន ទាំងប្រជាជន ព្រមទាំងបង្កើតឱ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តាមរយៈការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជា ចំនួន ២១២៤កន្លែង ចាប់ពីឆ្នាំ២០០៥ ដល់ ២០២០ ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម