Connect with us

បិណ្ឌ ១ បានចាប់ផ្តើមហើយ តោះទៅរៀនវេចនំអន្សមយកទៅប្រគេនព្រះសង្ឃទាំងអស់គ្នា

ម្ហូប៖ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលបុណ្យភ្ជុំម្តងៗប្រជាពលរដ្ឋកម្ពុជាតាមគ្រួសារមួយចំនួនបាននាំគ្នាទិញនំអន្សមយកទៅប្រគេនព្រះសង្ឃ ឬ គ្រួសារខ្លះទៀតបានវេចដោយខ្លួនឯងទៅតាមទម្លាប់របស់គ្រួសារនីមួយៗដែលតែងធ្វើជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ ថ្ងៃនេះបិណ្ឌ ១ បានចាប់ផ្តើមហើយ ដូចនេះសម្រាប់អ្នកដែលមិនទាន់ចេះវេចនំអន្សម តោះទៅស្វែងយល់ពីវិធីធ្វើនំអន្សមជ្រូកជាមួយ MyTV Plus ទាំងអស់គ្នាដោយគ្រាន់តែមានគ្រឿងផ្សំមួយចំនួនដូចជា៖

– អង្ករដំណើប
– សណ្តែងបាយ
– សាច់ជ្រូក ៣ ជាន់
– ស្ករស អំបិល ម្រេច ខ្ទឹម ប៊ីចេង
– ខ្ទិះដូង

ជំហានដំបូងត្រូវលាងអង្ករដំណើប និងសណ្តែកបាយឱ្យស្អាតល្អជាមុនសិន បន្ទាប់មកយកទៅត្រាំយ៉ាងតិច ៥ ម៉ោង។ ក្រោយពីត្រាំរួច ជំហានបន្ទាប់គឺត្រូវយកអង្ករដំណើប និងសណ្តែកបាយទៅច្របល់ជាមួយខ្ទិះដូងដោយបន្ថែមស្ករ អំបិលទៅតាមចំណូលចិត្តរបស់ខ្លួន។

រីឯសាច់ជ្រូក ៣ ជាន់ ត្រូវដាក់លាយគ្រឿងជាមួយនឹងស្ករសបន្តិច អំបិល ម្រេច ខ្ទឹមស និងខ្ទិះដូងដើម្បីបង្កើនក្លិនឈ្ងុយបានមួយកម្រិតទៀត។ ក្រោយពីបានលាយគ្រឿងរួចរាល់អស់ហើយ ត្រូវយកស្លឹកចេកជូតឱ្យស្អាត និងពង្រាយអង្ករដំណើបជាមុនសិន បន្ទាប់មកចាប់ផ្តើមពង្រាយសណ្តែកបាយ សាច់ជ្រូក ៣ ជាន់ពីលើដោយចងវេចឱ្យស្អាត។

ជាចុងក្រោយគ្រាន់តែដាំទឹកឱ្យពុះ និងដាក់អន្សមដែលបានវេចរួចចូលក្នុងឆ្នាំងចំហុយរយៈពេល ៣ ម៉ោង នោះលោកអ្នកនឹងទទួលបាននំអន្សមដ៏ឈ្ងុយឆ្ងាញ់ និងមានអនាម័យសម្រាប់ញ៉ាំខ្លួនឯងផង និងយកទៅប្រគេនព្រះសង្ឃនៅរដូវកាលបុណ្យភ្ជុំនេះផង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម