Connect with us

ការផលិតកាហ្វេនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងមានការកើនឡើង ខណៈដែលប្រទេសនេះ នៅត្រូវការទុនវិយោគច្រើនទៀត ដើម្បីអភិវឌ្ឍន៍វិស័យនេះ

ឥណ្ឌូនេស៊ី ៖ ដោយស្ថិតក្នុងចំណោមប្រទេសដែលផលិត និងនាំចេញកាហ្វេដ៏ធំបំផុតមួយនៅក្នុងពិភពលោក ឥណ្ឌូនេស៊ី ជាកន្លែងដាំកាហ្វេជាច្រើនម៉ាក ហើយអ្នកផលិតកាហ្វេក្នុងប្រទេសនេះ ក៏ កំពុងតែយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីធានាថា កាហ្វេដែលដាំនៅទីនោះ មានគុណភាពល្អបំផុត។

ជារៀងរាល់ឆ្នាំ ចន្លោះខែសីហា ទៅខែតុលា គឺជារដូវប្រមូលផលគ្រាប់កាហ្វេ ។ ចាប់តាំងពីចម្ការកាហ្វេរហូតដល់រោងចក្រលីងកាហ្វេ ។ បុគ្គលិកនៅគ្រប់ផ្នែកផលិតទាំងអស់ ខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីធានាថា កាហ្វេរបស់គេ មានគុណភាពល្អ។ អាកាសធាតុក្តៅហើយសើម គួបផ្សំនឹងកម្អែលភ្នំភ្លើងនៅលើកោះបាលី (Bali) បានផ្តល់អំណោយផលល្អណាស់ សម្រាប់ឱ្យដើមកាហ្វេលូតលាស់បានល្អ ហើយកម្មករនៅទីនោះ រើសផ្លែកាហ្វេដោយដៃតែម្ដង។

លោក វ៉ាយ៉ាន់ អូតា កម្មករក្នុងចម្ការកាហ្វេលើកោះបាលី បាននិយាយថា ពួកគាត់ ត្រូវរើសផ្លែកាហ្វេយ៉ាងថ្នមៗ ដោយមិនត្រូវធ្វើឱ្យខូចពន្លក និងមែកធាងស្រួយរបស់វាទេ។ ប្រសិនបើមែករបស់ផ្លែបាក់ម្ដង វានឹងប៉ះពាល់ដល់ទិន្នផលឆ្នាំក្រោយ ជាមិនខាន។ បន្ទាប់មក ពួកគាត់ ត្រូវហាលផ្លែកាហ្វេឱ្យស្ងួត។ ពួកគាត់ រើសយកតែផ្លែកាហ្វេក្រហមៗប៉ុណ្ណោះ ព្រោះផ្លែពណ៌បៃតងមានរសជាតិមិនឆ្ងាញ់ទេ។

ក្រោយមក គេត្រូវយកផ្លែគ្រាប់កាហ្វេចេញ ហើយហាលក្រោមកម្ដៅព្រះអាទិត្យ ដើម្បីឱ្យវានៅសល់សំណើមក្នុងកម្រិតមួយ ដែលសមល្មមសម្រាប់យកទៅឆុង។ ហើយបន្ទាប់មកទៀត គេក៏ដឹកជញ្ជូនគ្រាប់កាហ្វេទៅកាន់រោងចក្រកាហ្វេ ដែលជាទីកន្លែងសម្រាប់លីងកាហ្វេ កិន និងវេចខ្ចប់ក្នុងកញ្ចប់តូចៗ សម្រាប់យកទៅលក់។

លោក ជិន ហ្វ៊ូឈាន់ អ្នកគ្រប់គ្រងនៅរោងចក្រកាហ្វេ Golden Rabbits បានលើកឡើងថា ការលីងកាហ្វេ មានបីប្រភេទ គឺប្រភេទស្រាល ប្រភេទកណ្ដាល និងប្រភេទក្រម៉ៅ ។ គ្រាប់កាហ្វេ មានច្រើនពូជណាស់ អញ្ជឹងគេត្រូវសិក្សាអំពីធាតុផ្សំរបស់វាសន្សឹមៗ ហើយស្វែងរកកម្រិតសី តុណ្ហភាពដ៏ល្អបំផុតសម្រាប់លីងគ្រាប់កាហ្វេទាំងនោះ។

លោក បាននិយាយថា ជារៀងរាល់ឆ្នាំ ទឹកភ្លៀងមានសភាពខុសៗគ្នា ដែលកត្តានេះ ជះឥទ្ធិពលដល់ចំនួននាទីដែលត្រូវលីងកាហ្វេ។ ពួកគេ ត្រូវពិនិត្យមើលពណ៌គ្រាប់កាហ្វេឱ្យបានញឹកញាប់ មុននឹងសម្រេចចិត្តថា គួរលីងវាដោយវិធីណា ដោយផ្អែកទៅលើបទពិសោធន៍របស់គេផ្ទាល់។

ដោយប្រជាជននៅឥណ្ឌូនេស៊ី និងនៅតាមតំបន់ផ្សេងទៀត កំពុងត្រូវការផឹកកាហ្វេកាន់តែច្រើន វិស័យនេះ នៅសល់ឱកាសច្រើនទៀតសម្រាប់រីកចម្រើន និងដើមទុនសម្រាប់វិនិយោគបន្ថែម។

ឥណ្ឌូនេស៊ីត្រូវការដើមទុនបន្ថែម សម្រាប់ជម្រុញឧស្សាហកម្មកាហ្វេរបស់ខ្លួន ឱ្យឈានដល់កម្រិតបន្ទាប់ ខណៈដែលវប្បធម៌ផឹកកាហ្វេ កំពុងរីកដុះដាលនៅប្រទេសនេះ ក៏កំពុងផ្តល់ឱកាសឱ្យគេនាំចូលកាហ្វេពីបរទេសមកកាន់ឥណ្ឌូនេស៊ីផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម