Connect with us

សាលាទូទាំងប្រទេស ធ្វើការកម្ចាត់មេរោគ មុនបើកដំណើរការឡើងវិញ ចាប់ពីសប្ដាហ៍ក្រោយ

ភ្នំពេញ៖ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឱ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ”។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួន នឹងបើកដំណើរការឡើងវិញដំណាក់កាលទី២នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម