Connect with us

ភ្នំស្រះខ្ចៅ មានប្រាសាទអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត

កំពង់ធំ៖ ភ្នំស្រះខ្ចៅ ជាភ្នំប្រភេទថ្មភក់ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅលើភ្នំនេះ។

តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។

ប្រាសាទស្រះខ្ចៅ ត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួប្រាសាទដែលបែកបាក់។

ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទីមនោរម្យសម្រាប់អ្នកដើរកម្សាន្ត។

យើងអាចផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ មានភ្ញៀវបរទេសបោះតង់ប្រមាណ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។

ភ្នំស្រះខ្ចៅ ស្ថិតនៅខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូល និងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូល ប្រាសាទស្រះខ្ចៅ។

ពុទ្ធសាសនិកជនបានចូល បច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាល​បេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ។

ប្រភព៖​ Heritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com