Connect with us

ទំនើបមែន! ក្រុមហ៊ុនបច្ចេកវិទ្យាចិន កំពុងរកមើលវិធីសាស្ត្រក្នុងការជួយដល់អ្នកចិញ្ចឹមសត្វ ខណៈដែលចំនួនអ្នកចិញ្ចឹមសត្វមានកាន់តែច្រើន

ប្រទេសចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិននានា កំពុងរកមើលវិធីសាស្ត្រ ដើម្បីពង្រីកវិស័យសត្វចិញ្ចឹម ដែលកំពុងលូតលាស់ក្នុងប្រទេស ខណៈពេលដែលអ្នកចិញ្ចឹមសត្វ ត្រូវការទិញគ្រឿងឧបភោគបរិភោគសម្រាប់សត្វចិញ្ចឹមរបស់គេកាន់តែច្រើន ហើយទីផ្សារសម្រាប់វិស័យនេះ ក៏កំពុងវិវឌ្ឍទៅមុខជាលំដាប់។

ស្របពេលដែលនគរូបនីយកម្មកំពុងតែរីកដុះដាលយ៉ាងឆាប់រហ័ស វប្បធម៌សត្វចិញ្ចឹម និងឧស្សាហកម្មដែលពាក់ព័ន្ធនឹងសត្វចិញ្ចឹម ក៏កំពុងរីកលូតលាស់ទៅកាន់តំបន់កាន់តែច្រើន និងមានចំនួនសត្វចិញ្ចឹមកាន់តែច្រើនដូចគ្នា ។

ដោយស្ដង់ដាររស់នៅរបស់ប្រជាជនកាន់តែជឿនលឿន គ្រួសារកាន់តែច្រើនទៅៗក្នុងប្រទេសចិន ក៏នាំគ្នាចិញ្ចឹមសត្វ ។ ម្ចាស់សត្វទាំងនោះ កាន់តែខ្វាយខ្វល់អំពីសុខភាព និងសុវត្ថិភាពសត្វចិញ្ចឹមរបស់ពួកគេ។ កត្តានេះ ធ្វើឱ្យបច្ចេកវិទ្យាចិញ្ចឹមសត្វបែបឆ្លាតវៃ មានតម្រូវការយ៉ាងច្រើន។ ក្រុមហ៊ុន ផេតឃីត (PETKIT) ដែលមានស្នាក់ការធំនៅក្រុងសៀងហៃ បានដាក់ឱ្យដំណើរការផលិតផលសត្វចិញ្ចឹមឆ្លាតវៃ ដែលអនុញ្ញាតឱ្យទាំងម្ចាស់ និងសត្វ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។

លោក គ័រ វ័យសៀរ សហស្ថាបនិកនិងនាយកប្រតិបត្តិ ក្រុមហ៊ុន PETKIT បានអោយដឹងថា ក្រុមហ៊ុនរបស់លោក កំពុងស្វែងរកវិធីផ្សេងៗ ដើម្បីធ្វើឱ្យការចិញ្ចឹមសត្វ កាន់តែងាយស្រួលជាងមុន ដើម្បីជួយឱ្យម្ចាស់សត្វចិញ្ចឹម អាចចំណាយពេលកាន់តែតិច ទៅលើកិច្ចការថែទាំសត្វចិញ្ចឹមរបស់គេ និងដើម្បីអាចចំណាយពេលលេង ជាមួយសត្វជាទីស្រលាញ់របស់ពួកគេ បានកាន់តែច្រើន។ ដូច្នេះ ក្រុមហ៊ុន បានផ្ដោតយ៉ាងសំខាន់លើការបង្កើតម៉ាស៊ីនដាក់ចំណីសត្វស្វ័យប្រវត្តិ និងផលិតផលស្វ័យត្រួតពិនិត្យសុខភាព ។

វត្តមានរបស់ប្រព័ន្ធ អ៊ីនធឺណែត ផ្លឹស (Internet Plus) កំពុងជួយលើកស្ទួយឱ្យអាជីវករនៅក្នុងឧស្សាហកម្មសត្វចិញ្ចឹម ងាកមកប្រើវិធីធ្វើអាជីវកម្មបែបថ្មី និង បច្ចេកវិទ្យាថ្មីៗ ។

លោក គ័រ វ័យសៀរ បានអោយដឹងទៀតថា ប្រទេសចិន ជាប្រទេសដែលដើរក្រោយគេនៅក្នុងឧស្សាហកម្មសត្វចិញ្ចឹមនេះ បើប្រៀបនឹងអាមេរិក អឺរ៉ុប និងប្រទេសជឿនលឿនផ្សេងទៀត ។ កាលពីជំនាន់ដែលលោកនៅក្មេង លោក ធ្លាប់តែចាត់ទុកឧស្សាហកម្មនេះ ត្រឹមជាទីផ្សារកំប៉ិកកំប៉ុកប៉ុណ្ណោះ ។ ប៉ុន្តែក្រោយពីបានចូលប្រឡូកក្នុងវិស័យនេះរួច លោក ឃើញថា ប្រជាជនវ័យក្មេងជាច្រើននាពេលបច្ចុប្បន្ន ពិតជាមានទស្សនៈនិងគំនិតខុសពីជំនាន់លោកទាំងស្រុងតែម្តង ។

ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃវិស័យសត្វចិញ្ចឹម មិនត្រឹមតែផ្ដល់ឱកាសឱ្យបច្ចេកវិទ្យាសត្វចិញ្ចឹមអាចរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យហាងលក់សម្ភារៈសត្វចិញ្ចឹម អាចលូតលាស់និងអភិវឌ្ឍទៅមុខដូចគ្នា។

ផេតស៍ណូ (Petsknow) ជាក្រុមហ៊ុនបច្ចេកវិទ្យាសត្វចិញ្ចឹមមួយក្នុងទីក្រុងប៉េកាំង ដែលផ្ដល់សេវាគ្រប់គ្រងអាជីវកម្ម ជូនដល់ហាងលក់សម្ភារៈសត្វចិញ្ចឹមនានា ដោយប្រើប្រព័ន្ធគ្រប់គ្រងអាជីវកម្មតាមអនឡាញមួយដែលមានលក្ខណៈរួមបញ្ចូលគ្នា និងដែលជួយតភ្ជាប់ហាងទាំងនោះ ទៅនឹងបណ្ដាញអ៊ីនធឺណែត។

លោក កាវ ម៉ៅស៊ីង នាយកប្រតិបត្តិក្រុមហ៊ុន Petsknow បានលើកឡើងថា ក្រុមហ៊ុនរបស់លោកព្យាយាមបញ្ចូលហាងតូចៗជាង10 ម៉ឺនហាង នៅពាសពេញផ្ទៃប្រទេស ទៅក្នុងប្រព័ន្ធដ៏ធំមួយ ដើម្បីធ្វើឱ្យសេវាកម្ម និងដំណើរការអាជីវកម្មរបស់ហាងទាំងនោះ កាន់តែមានភាពប្រសើរឡើង ។ កត្តានេះ នឹងជួយឱ្យអតិថិជន អាចទទួលបានបទពិសោធន៍កាន់តែល្អប្រសើរ នៅពេលទិញទំនិញនៅតាមហាងធម្មតា ដែលមិនតាមអនឡាញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម