Connect with us

ភ្លើងឆេះព្រៃនៅអាមេរិក កំពុងកើតមាននៅរដ្ឋចំនួន៨ហើយ, មនុស្សជាច្រើនបាត់បង់ផ្ទះសម្បែង

អាមេរិក៖ កម្ដៅ ស្ថានភាពស្ងួតហួតហែង និងខ្យល់បក់ បានធ្វើឱ្យភ្លើងឆេះព្រៃ បានកើតឡើងនៅទូទាំងភាគខាងជើងឆៀងខាងកើត នៃសហរដ្ឋអាមេរិក បណ្ដាលឱ្យសហគមន៍ជាច្រើន ដែលនៅទីដាច់ស្រយាល ប្រឈមមុខការឡោមព័ទ្ធដោយអគ្គិភ័យ ដែលតម្រូវឱ្យអាជ្ញាធរ ប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះ។

រដ្ឋកាលីហ្វ័រញ៉ា, យូថា, នេវ៉ាដា, អារីហ្ស៊ូណា, អាយដាហូ, អូរីហ្គន, វ៉ាយអូមីង, និង រដ្ឋម៉ុនថេណា នៃសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការរីករាលដាលនៃអគ្គិភ័យបង្កឡើងដោយភ្លើងឆេះព្រៃក្នុងរដូវក្ដៅនេះ។ ផ្សែង បានរសាត់ទៅភាគខាងកើត រហូតដល់រដ្ឋញ៉ូវម៉ិកស៊ីកូ។ ក្នុងនោះ រដ្ឋកាលីហ្វ័រញ៉ា កំពុងកើតមានភ្លើងឆេះព្រៃច្រើនជាងគេ រហូតដល់ជាង ៤០ទីតាំងផ្សេងៗគ្នា។

រដ្ឋអូរីហ្គន កំពុងមានការរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារភ្លើងឆេះព្រៃ និងអាចមានអ្នកបាត់បង់ជីវិតផងដែរ នៅទីប្រជុំជន Blue River ។ ផ្ទះយ៉ាងហោចណាស់ ៨០-១០០ ខ្នង ត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង។ ចំណែករដ្ឋ កាលីហ្វ័រញ៉ា មានសេចក្ដីរាយការណ៍ពីការបំផ្លិតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប្រមាណ ៣០ខ្នង នៅទីប្រជុំជន Big Creek ។

ភ្លើងឆេះព្រៃ បានរីករាលដាលខ្លាំង ចាប់ពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ចំទិវាពលកម្មនៅសហរដ្ឋអាមេរិក ដែលជាឱកាសនៃការធ្វើដំណើរកម្សាន្តបោះជំរំរបស់ប្រជាជនអាមេរិក។ អ្នកបោះជំរំ ជាច្រើន បានជាប់គាំងនៅក្នុងព្រៃ ធ្វើឱ្យអាជ្ញាធរ ប្រើប្រាស់វិធីជួយសង្គ្រោះតាមផ្លូវអាកាស ដោយប្រើឧទ្ធម្ភាគចក្រយោងឡើង។

ភ្លើងឆេះព្រៃ បានកាត់ផ្ដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យផ្ទះជាង ១៧ម៉ឺនខ្នង មិនមានអគ្គិសនីប្រើប្រាស់ នៅរដ្ឋកាលីហ្វ័រញ៉ា គិតត្រឹមថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានកត់ត្រានូវផ្ទៃដីទំហំជាង ៨សែនហិកតា ខូចខាតដោយសារភ្លើងឆេះព្រៃ។

ចំណែក ផ្ទះជិត ២៥ម៉ឺនខ្នង នៅរដ្ឋ អូរីហ្គន និង រដ្ឋវ៉ាស៊ីនតោន គ្មានអគ្គិសនីប្រើប្រាស់ផងដែរ៕

ប្រភព៖ USA Today

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម