Connect with us

ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ពលរដ្ឋ អាចមកទទួលយកសេវាដឹកជញ្ជូនឥតគិតប្រាក់ពីរថយន្តក្រុង ចំនួន ២១៥គ្រឿង និង រថភ្លើងចំនួន ២ខ្សែរ

ភ្នំពេញ ៖ ថ្លែងជាសាធារណៈនៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សាលាក្រុងភ្នំពេញ បានត្រៀមបញ្ចេញរថយន្តក្រុងចំនួន២១៥គ្រឿង សម្រាប់ដឹកកម្មករ និងប្រជាពលរដ្ឋជិះដោយមិនគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ ទាំងទៅទាំងមក ដែលនេះ គឺជាការណែនាំដោយផ្ទាល់របស់សម្តេច ។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ក៏អាចជិះរថភ្លើងចំនួន២ខ្សែ ដោយមិនគិតថ្លៃផងដែរ ដែលខ្សែរទី១ ពីភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ោយប៉ែត និងមួយខ្សែទៀតពី ភ្នំពេញ ទៅតាកែវ កំពត និងខេត្តព្រះសីហនុ។
ជាមួយនឹងការផ្តល់ផលប្រយោជន៍ជូនដល់កម្មករនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអោយដឹងថា ប្រាក់ខែកម្មករនៅឆ្នាំ២០១៩ គឺមិនទាបជាង១៨០ដុល្លារក្នុង១ខែនោះទេ ។ សម្តេចតេជោ បានលើកឡើងថា នៅតំបន់ខ្លះនៃវៀតណាម កម្មករទទួលបានត្រឹមតែ១២៥ដុល្លារទេ នៅប្រទេសឥណ្ឌូណេស៊ី តំបន់ខ្លះ បានត្រឹមតែ១១០ដុល្លារ និងនៅប្រទេសឥណ្ឌាវិញកម្មករ បានត្រឹមតែ៧៧ដុល្លារ ប៉ុណ្ណោះ ។


សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសគេមួយចំនួនគេអភិវឌ្ឍន៍មុនកម្ពុជា តែពេលនេះ គឺប្រាក់ខែកម្មករកម្ពុជា បានដើរលឿនជាងគេហើយ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា បើទោះបីជាប្រាក់ខែឡើងច្រើនក៏ដោយ ក៏ប៉ុន្តែមហិច្ឆតារបស់សម្តេច គឺចង់ឲ្យបានកាន់តែច្រើន ប៉ុន្តែអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ច។
សម្តេច តេជោ បានមានប្រសាសន៍ថា សន្តិភាពរយៈពេល២០ឆ្នាំមកនេះ គឺចាប់ពីចុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ កើតឡើងដោយសារតែនយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងជាបន្តបន្ទាប់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម