Connect with us

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

ជំងឺមហារីក ៥ ប្រភេទ មានមហារីកមាត់ស្បូន សុដន់ ក្រពះ-ពោះវៀនធំ សួត និងថ្លើម កើតមានលើពលរដ្ឋខ្មែរញឹកញាប់ជាងគេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម។ លោកវេជ្ជបណ្ឌិតថា តួលេខនេះបានមកពីតាមមន្ទីរពេទ្យ មិនមែនជាស្ថិតិជាតិនោះទេ ហើយវ័យដែលកើតជំងឺមហារីក មានអត្រាខ្ពស់ជាងគេ គឺអាយុចាប់ពី ៤៨-៥១ឆ្នាំ ។

ដ្បិតតែមហារីកជាជំងឺកាចសាហាវ តិចនិកបង្ការមិនពិបាកនោះទេ។ ខាងក្រោមនេះជាមូលហេតុ និងកត្តាជំរុញឲ្យកើតមានជំងឺមហារីកតាមប្រភេទនីមួយៗ និងវិធីការពារខ្លួនពីជំងឺមហារីកទាំងនោះ។

១. ជំងឺមហារីកមាត់ស្បូន

នៅកម្ពុជាជំងឺមហារីកមាត់ស្បូនកើតច្រើនជាងគេ ហើយក៏ជាជំងឺមហារីកទី១ នៅលើស្ត្រី។ ជំងឺនេះបង្កឡើងដោយ មេរោគ Human Papilloma Virus ឬ HPV ដែលមានដល់ទៅជា ១០០ ប្រភេទឯណោះ ក្នុងនោះមាន ជាង ៣០ ប្រភេទដែលបង្កទៅជាជំងឺមហារីក។

ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដែលស្ត្រីម្នាក់ៗអាចការពារបាន ដោយការចាក់វ៉ាក់សាំងការពារ ដោយក្មេងស្រីៗអាចចាក់វ៉ាក់សាំងនេះចាប់ពីអាយុ ៩ឆ្នាំឡើងទៅ ក្រោយចាក់រួច បើស្រ្តីបានឆ្លងកាត់ការរួមភេទ ត្រូវពិនិត្យកោសិកាមាត់ស្បូនឱ្យបានទៀងទាត់។ ចំពោះស្ត្រីដែលធ្លាប់រួមភេទ ត្រូវតេស្តកោសិកាមាត់ស្បូនពិនិត្យរកមេរោគ HPV សិន បើលទ្ធផលអវិជ្ជមានទើបអាចចាក់វ៉ាក់សាំងបាន។

២. ជំងឺមហារីកសុដន់

មហារីកសុដន់កើតឡើងដោយសារការវិវត្តលឿនខុសប្រក្រតីនៃកោសិកាសុដន់។ មហារីកសុដន់ គឺជាជំងឺមហារីកដែលកើតមានលើស្ត្រី និងសម្លាប់ស្ត្រីច្រើនជាងគេលើពិភពលោក ដោយឡែកនៅកម្ពុជាជំងឺមហារីកសុដន់ឈរនៅលំដាប់លេខ២ បន្ទាប់ពីជំងឺមហារីកមាត់ស្បូន ដែលបានសម្លាប់ស្ត្រីច្រើនជាងគេ ហើយមកដល់ពេលនេះពុំទាន់ដឹងមូលហេតុច្បាស់លាស់ដែលនាំឱ្យកើតជំងឺមហារីកសុដន់នៅឡើយទេ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ ស្ត្រីម្នាក់អាចកើតជំងឺមហារីកសុដន់ទៅបាន ត្រូវមានបម្រែបម្រួលហ្សែននៅក្នុងខ្លួន ដែលហ្សែននោះបង្កើតចេញជាកោសិកាមហារីក។

ដ្បិតតែគ្មានវ៉ាក់សាំងការពារនៅឡើយទេ តែយើងអាចបង្ការបានតាមរយៈការទៅថតសុដន់ ឬធ្វើអេកូ រកមើលជំងឺមហារីកជាប្រចាំ និងការស្ទាបសុដន់ដោយខ្លួនឯង កាលណារកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង ភាគរយព្យាបាលជាសះស្បើយខ្ពស់។

៣. ជំងឺមហារីកថ្លើម

មហារីកថ្លើម សំដៅលើបញ្ហាមានដុំមិនប្រក្រតីកើតមាននៅក្នុងកោសិកាថ្លើម ដែលកើតលើប្រុសៗច្រើនជាងស្ត្រី ភាគច្រើនចន្លោះអាយុពី ៥០-៧០ ឆ្នាំ។ មហារីកថ្លើម កើតឡើងនៅពេលមានការផ្លាស់ប្តូរនៃកោសិកាថ្លើម (ផ្លាស់ប្តូរហ្សែន DNA) ដោយប្រែប្រួលមេតាប៉ូលីសក្នុងខ្លួន។ កោសិកាទាំងនោះ នឹងបាត់បង់ការគ្រប់គ្រង ហើយបង្កើតជាដុំសាច់មហារីក។

មូលហេតុកើតមហារីកថ្លើមភាគច្រើន មិនត្រូវបានគេកំណត់ច្បាស់លាស់នោះទេ ករណីខ្លះជំងឺរលាកថ្លើម អាចបណ្តាលឱ្យកើតជំងឺមហារីកថ្លើមបាន ឯមូលហេតុផ្សេងទៀតរួមមាន ជំងឺក្រិនថ្លើម ឬថ្លើមខូចខាតដោយសារការផឹកស្រា ធាត់ ឬខ្លាញ់រុំថ្លើមជាដើម។
ចំពោះជំងឺរលាកថ្លើម B យើងអាចការពារដោយការចាក់វ៉ាក់សាំងតាំងពីពេលទារកកើតមកភ្លាម ចំពោះមនុស្សធំវិញត្រូវឧស្សាហ៍ពិនិត្យសុខភាពបើសិនជាឃើញអង់ទីករប្រឆាំងមេរោគរលាកថ្លើម B ថយចុះ ត្រូវចាក់ឡើងវិញ។

៤. ជំងឺមហារីកក្រពះ

មហារីកក្រពះ សំដៅទៅលើការរីកដុះដាលនៃដុំមហារីកក្នុងក្រពះ កើតឡើងនៅពេលមានកោសិកាក្រពះកើនឡើងជាដុំសាច់។ មហារីកក្រពះ ជាជំងឺឧស្សាហ៍កើតមាន និងងាយរាលដាលទៅសរីរាង្គផ្សេងទៀត បើមិនព្យាបាលឱ្យបានត្រឹមត្រូវទេ អាចស្លា ប់តែម្តង។

មូលហេតុពិតប្រាកដបង្កឲ្យកើតមហារីកប្រភេទនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែកត្តាជំរុញឱ្យកើតមានមហារីកក្រពះ មានដូចជា របបអាហារសម្បូរសារធាតុនីត្រាត (Nitrates) អាចធ្វើឱ្យមានការកើនហានិភ័យកើតមហារីកនេះ។ សារធាតុនីត្រាត មាននៅក្នុងអាហារមានជាតិផ្សែង និងប្រៃ ត្រូវបានបំប្លែងដោយបាក់តេរីទៅជានីទ្រី (Nitries) ដែលជាសារធាតុធ្វើឱ្យកើតមហារីក។ អ្នកមានមេរោគក្រពះ (Helicobacter pylori) នឹងប្រឈមកើតមហារីកក្រពះកាន់តែខ្ពស់។

ជំងឺមហារីកក្រពះនៅក្នុងដំណាក់កាលដំបូងៗអាចព្យាបាលឱ្យជាសះស្បើយ និងអត្រាសង្ឃឹមរស់បានខ្ពស់ ប៉ុន្តែជំងឺមហារីកក្រពះនេះ កម្រនឹងចេញរោគសញ្ញាឲ្យដឹងនៅដំណាក់កាលដំបូងណាស់។ កាលណាបើវារាលដាលដល់ដំណាក់កាលចុងក្រោយហើយ វាពិបាកនឹងអាចព្យាបាលឱ្យជាសះស្បើយណាស់ និងបណ្ដាលឱ្យអ្នកជំងឺសង្ឃឹមរស់ទាប។ ដូចនេះ មធ្យោបាយល្អតែមួយដែលអាចឲ្យយើងដឹងពីការលូតលាស់របស់កោសិកាមហារីក គឺការពិនិត្យសុខភាពជាប្រចាំ។

៥. មហារីកពោះវៀន

កត្តាជំរុញឱ្យកើតជំងឺមហារីកពោះវៀនរួមមាន ការបរិភោគសាច់ច្រើន កត្តាអាយុ (លើសពី៥០ឆ្នាំ) ការផឹកស្រា ជក់បារី និងការប្រែប្រួលហ្សែន។ ជំងឺនេះបើបង្កឡើងដោយការប្រែប្រួលហ្សែន នោះគឺអាចចម្លងទៅសមាជិកគ្រួសារជំនាន់ក្រោយ ក្លាយជាជំងឺតំណពូជ។

វិធីតែមួយគត់ដែលអាចឱ្យយើងរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបាន គឺការឆ្លុះពោះវៀន ហើយក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ តម្រូវឱ្យឆ្លុះពោះវៀន ១-២ឆ្នាំ/ម្តង នៅពេលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com