Connect with us

ស្ថានីយទូរទស្សន៍ដ៏ល្បី MyTV ក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដីថតរឿងភាគថ្មី ផ្តោតលើជីវិតពិតរបស់យុវវ័យបច្ចុប្បន្ន គឺរឿង «១៩ឆ្នាំ»

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅស្ថានីយទូរទស្សន៍ MyTV បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីថតរឿងថ្មីមានចំណងជើងថា «១៩ឆ្នាំឬ Nineteen us» ជាខ្សែភាពយន្តភាគ បែបយុវវ័យទាន់សម័យ ដែលត្រូវចាក់បញ្ចាំងផ្តាច់មុខដោយទូរទស្សន៍ដ៏មានប្រជាប្រិយភាពសម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា MyTV នាពេលខាងមុខ។

កម្មវិធីក្រុងពិលីនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយក CBS (CTN ,CNC, MyTV) លឹម ឃុនស្រ៊ុន, អ្នកដឹកនាំសម្តែង, អ្នកនិពន្ធ, តារាសម្តែងដែលមានរូបសម្រស់ស្រស់សោភា ជាច្រើនដួង រួមជាមួយក្រុមការងារថតរឿង និងអ្នកសារព័ត៌មានជាតិជាច្រើននាក់ផងដែរ។

ក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ កញ្ញា ភា បុទុមស្រីពង្ស អ្នកដឹកនាំរឿង ១៩ឆ្នាំ បានប្រាប់ឱ្យដឹងថា សាច់រឿងទាំងមូល គឺផ្តោតទៅលើជីវិតយុវវ័យ តែមិនផ្តោតទៅលើស្នេហាទាំងស្រុងនោះទេ ព្រោះតួសម្ដែងមានចំនួនច្រើន ហើយមានសកម្មភាពផ្សេងៗពីគ្នា ដែលចង់បង្ហាញពីការរស់នៅក្នុងពេលបច្ចុប្បន្នពិតៗរបស់មនុស្សសម័យថ្មី និងការសិក្សា ក៏ដូចជាការរាប់អានមិត្តភ័ក្តិជាដើម។

ដោយឡែកសម្រាប់អ្នកនិពន្ធវ័យក្មេង តែពោរពេញដោយសមត្ថភាព ក្នុងការតាក់តែងនិពន្ធ និងធ្លាប់មានស្នាដៃល្អទទួលបានពានរង្វាន់ឆ្នើម កញ្ញា សោម នីសោភា ថ្លែងប្រាប់ថា ការដែលដាក់ចំណងជើងរឿង ១៩ឆ្នាំនេះ មានបំណងឆ្លុះបញ្ចាំងពីសង្គម សម្រាប់អ្នកទើបបញ្ចប់ថ្នាក់ទី១២ ចូលសិក្សានៅឆ្នាំទី១នៃថ្នាក់ឧត្តមសិក្សា ដោយមិនដឹងថា ត្រូវសិក្សាលើមុខវិជ្ជាអ្វីឱ្យត្រូវនឹងទីផ្សារការងារ។

កញ្ញា សោម នីសោភា បានបន្តថា ជាការពិតក្នុងប្រទេសកម្ពុជា កុមារផ្តើមចូលសិក្សាពីថ្នាក់ទី១ ដល់ទី១២ គឺមានអាយុចន្លោះពី១៨-១៩ឆ្នាំ ដូច្នេះហើយទើបកញ្ញាជ្រើសរើសដាក់ចំណងជើង ១៩ឆ្នាំ ដើម្បីសក្តិសមទៅនឹងជីវិតរបស់យុវជន។

តារាសម្ដែងដែលមានស្នាមញញឹមដ៏ស្រស់សោភា និងស្រស់សង្ហា សុទ្ធសឹងតែជាយុវជនដែលមានសមត្ថភាព ឆ្លងកាត់ការប្រកួតប្រជែង ជ្រើសរើសតួជាវគ្គ លើកឡើងថា ពួកគាត់មានមោទនភាពក្រៃលែងដែលមានឱកាសមកសម្តែងក្នុងខ្សែភាពយន្តមួយនេះ ជាពិសេសរឿងនេះដាក់ចាក់បញ្ចាំងនៅក្នុងស្ថានីយដ៏ល្បី ដែលគ្រប់ស្រទាប់យុវវ័យចូលចិត្តតាមដានទស្សនា។

ជាមួយគ្នានេះ នៅពេលចាក់ផ្សាយពួកគាត់រំពឹងថា នឹងទទួលបានការគាំទ្រយ៉ាងច្រើន ព្រោះរឿងនេះ មានច្រើនរសជាតិ ដោយបង្កប់ខ្លឹមសារអប់រំដល់យុវវ័យ ឱ្យដើរលើផ្លូវត្រូវផងដែរ។

សូមបញ្ជាក់ថា ខ្សែភាពយន្តភាគរឿង ១៩ឆ្នាំ ឬ Nineteen us នេះ គ្រោងថតឱ្យចប់គ្រប់ជ្រុងជ្រោយជាស្ថាពរ ក្នុងឆ្នាំ២០២១ ខាងមុខ នឹងដាក់សម្ពោធបញ្ចាំងលើកកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យចំទិវានៃក្តីស្រឡាញ់៕

អត្ថបទ៖ គង់ វណ្ណៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com