Connect with us

គិតត្រឹមឆមាសទី ១ ការអនុវត្តចំណូលក្នុងស្រុកធៀបនឹងច្បាប់ថវិកា ក្នុងនោះរួមមាន ចំណូលចរន្ត និង ចំណូលមូលធនក្នុងស្រុក សម្រេចបាន ៥៣.៦០%

ភ្នំពេញ ៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យ តាមដានវឌ្ឍនភាព និង វាយតម្លៃសមិទ្ធកម្មនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្រចាំត្រីមាស ទី ១ និងទី ២ ឆ្នាំ ២០១៨ ក្រោមវត្តមាន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ។

បើតាមរបាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី១ និង ទី ២ ឆ្នាំ ២០១៨ ភាគីពាក់ព័ន្ធបានសម្រេចនូវការពង្រឹងភាពជឿទុកចិត្តនៃថវិកា ដោយការប្រមូលចំណូលមានវឌ្ឍនភាពល្អប្រសើរ ដោយគិតត្រឹមឆមាសទី១ ការអនុវត្តចំណូលក្នុងស្រុកធៀបនឹងច្បាប់ថវិកា (ចំណូលចរន្ត និងចំណូលមូលធនក្នុងស្រុក) សម្រេចបាន ៥៣.៦០% ។ លទ្ធផលនេះ បានបង្ហាញថា ចំណូលជារួមល្អប្រសើរ បើទោះបីជា ចំណូលថ្នាក់ជាតិមានការធ្លាក់ចុះបន្តិច និង ចំណូលថ្នាក់ក្រោមជាតិមានការកើនឡើង ដោយសារការផ្ទេរផ្នែកពន្ធមួយចំនួនពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដូចជា ពន្ធ ចលនទ្រព្យ និងអចលនទ្រព្យ ។


ដោយឡែក ការអនុវត្តចំណាយ គឺស្ថិតក្នុងស្ថានភាព ដែលអាចសម្រេចបានតាមគោលដៅ គឺសម្រេចបាន ៤០% ។ លទ្ធផលនេះ អាចសន្និដ្ឋានបានថា ស្ថានភាពសាច់ប្រាក់កាន់តែមានភាពជឿទុកចិត្តបាន និង គ្មានបំណុលកកស្ទះនៅរតនាគារជាតិ (៦០ថ្ងៃគិតចាប់ពីអាណត្តិបើកផ្តល់ប្រាក់បានចូលរតនាគារជាតិរហូតដល់ថ្ងៃទូទាត់) ។
ចំណែកយន្តការស្នូលនៃគណនេយ្យភាពហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាពល្អប្រសើរផងដែរ ដោយក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៥ បន្ថែមទៀត ត្រូវបានប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធ FMIS និងបានទទួលការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS ។ គិតត្រឹមឆមាសទី ១, អង្គភាពថវិកា ចំនួន ៩១១ និង ក្រសួង-ស្ថាប័ន ចំនួន ៣៩ ត្រូវបានរៀបចំដាក់ឱ្យអនុវត្តអង្គភាពថវិកា ។ ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់ថវិកាទាំង ០៧ ក៏ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS ផងដែរ ។
ដោយឡែក ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ក្នុងនោះថវិកាកម្មវិធីត្រូវបាន និងកំពុងដាក់ឱ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្តជាបន្តបន្ទាប់ ដើម្បីឈានទៅរកការអនុវត្តថវិកាផ្អែកលើព័ត៌មានសមិទ្ធកម្ម (Performance informed budgeting) ។

ការរៀបចំ និងការចរចារថវិកាត្រូវបានពង្រឹង និងកែលម្អមួយកម្រិតខ្ពស់ថែមទៀត ដោយធ្វើការឆ្លុះបញ្ចាំងបានកាន់តែល្អប្រសើរនូវអាទិភាពសំខាន់ៗរបស់ក្រសួង-ស្ថាប័ន ដើម្បីសម្រេចបានគោលបំណង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
តាមរយៈកិច្ចប្រជុំ គណកម្មាធិការ ក៏បានដាក់ចេញនូវកិច្ចការបន្ទាប់ដែលត្រូវបន្តការយកចិត្តទុកដាក់ នោះគឺការធើ្វបច្ចុប្បន្នកម្មផែនការសកម្មភាពរួមដំណាក់កាលទី ០៣ ឆ្នាំ ២០១៩-២០២០, ការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាសម្រាប់ថ្នាក់ក្រោមជាតិ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៩-២០២៣, ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ។ បន្តជម្រុញតម្លាភាពថវិកា ក្នុងក្របខ័ណ្ឌប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិជាធរមាន ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ។ 
ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសម្រេចបានសមិទ្ធផលគន្លឹះជាច្រើន តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស, ការកៀរគរចំណូលក្នុងស្រុក, ការអនុវត្តចំណាយ និងវឌ្ឍនភាពនៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការអនុវត្តថវិកាកម្មវិធី ។ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានបញ្ជាក់ពីជំហរ និងបន្តគាំទ្រដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងជំហានបន្តបន្ទាប់ទៀត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម