Connect with us

អង្គភាពធុរៈកិច្ចចិន ចង់អោយប្រទេសអ៊ីតាលី ជាដៃគូរឯកសិទ្ធិ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន

អ៊ីតាលី ៖ អង្គភាពធុរៈកិច្ចចិនដ៏ថ្មីសន្លាងក្នុងប្រទេសអ៊ីតាលី បានបើកអង្គប្រជុំជាលើកទីមួយរបស់ខ្លួន ដោយអង្គភាពនេះមានគោលបំណងចង់តែងតាំងប្រទេសអ៊ីតាលី ជា “ដៃគូឯកសិទ្ធិ” នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ។

អង្គភាពធុរៈកិច្ចចិន ត្រូវបានប្រកាសអំពីការរៀបចំបង្កើតឡើង កាលពីខែសីហាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ប្រទេសអ៊ីតាលី បង្កើតអង្គភាពនេះឡើង ដើម្បីលើកស្ទួយចំណងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន។ ហើយកិច្ចប្រជុំជាលើកដំបូងរបស់អង្គភាពនេះ បានគូសបញ្ជាក់ឱ្យឃើញជាផ្លូវការ នូវការខិតខំរបស់ប្រទេសអ៊ីតាលី លើការងារពង្រីកសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសចិន លើវិស័យពាណិជ្ជកម្ម អាជីវកម្ម និងវិនិយោគ។

អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចអ៊ីតាលី លោក មីស៊ែល ជីរ៉ាស៊ី បានធ្វើជាអធិបតីបើកអង្គប្រជុំនេះ ដែលមានការចូលរួមពីមនុស្សជាង៣០០នាក់ មកពីស្ថាប័ននយោបាយ ក្រុមហ៊ុន សាកលវិទ្យាល័យ និងសារព័ត៌មាន។

ចំណែកឯ លោក លី រួយយូ ដែលជាអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីតាលីវិញ ក៏បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអ៊ីតាលី លើការងារពង្រឹងចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសចិន។

លោក មីស៊ែល ជីរ៉ាស៊ី អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចអ៊ីតាលី បានលើកឡើងថា បើនិយាយអំពីការពង្រីកចំណងទ្វេភាគីលើការងារសេដ្ឋកិច្ច និងវប្បធម៌ វាជាកិច្ចការដ៏សែនពិបាកធ្វើ សម្រាប់ប្រទេសទាំងពីរ ដោយសារមានការយល់ឃើញនៅកម្រិតមូលដ្ឋានគ្រឹះ ខុសពីគ្នា ។ ប៉ុន្តែបើនិយាយអំពីការងារបង្កើតអង្គភាពធុរៈកិច្ចចិននេះវិញ វាជាលើកទីមួយហើយ ដែលអាចសម្រេចវាបាន ។

លោកអនុរដ្ឋមន្ត្រី បានបន្ថែមថា អង្គភាពធុរៈកិច្ចចិន គូសបញ្ជាក់ឱ្យឃើញជាលើកដំបូងថា ប្រទេសអ៊ីតាលី បានបង្កើតមធ្យោបាយជាប្រព័ន្ធជាពិសេសមួយ សម្រាប់រ៉ាប់រងការងារផ្សេងៗជាមួយប្រទេសមួយ ដោយប្រើប្រាស់ស្ថាប័នរដ្ឋាភិបាលជាច្រើនដែលពាក់ព័ន្ធ។ គេរំពឹងថា អង្គភាពធុរៈកិច្ចចិន នឹងដើរតួជាមធ្យោបាយមួយសម្រាប់កសាងទំនុកចិត្តទៅលើគ្នាទៅវិញទៅមក ព្រមទាំងផ្តល់ឱកាសឱ្យប្រទេសអ៊ីតាលី អាចចូលទៅក្នុងទីផ្សារឧបភោគបរិភោគរបស់ប្រទេសចិន បានកាន់តែងាយស្រួល។

បច្ចុប្បន្ននេះ ប្រជាជនចិន កាន់តែច្រើននាក់ កំពុងត្រូវការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ ។ នេះ គឺជាឱកាសដ៏ធំមួយ សម្រាប់ឱ្យអ៊ីតាលី ទាក់ទាញអ្នកជំនួញឱ្យមកវិនិយោគនិងនាំចេញផលិតផលជាច្រើនដូចជា ម្ហូបអាហារ គ្រឿងយន្ត និងសម្លៀកបំពាក់របស់អ៊ីតាលី ដែលមានឈ្មោះបោះសំលេង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម