Connect with us

ប៉ូវខួរក្បាលកូនក្នុងផ្ទៃឱ្យលូតលាស់ល្អ ម៉ាក់ៗគួរញ៉ាំអីខ្លះពេលពពោះ?

ខួរក្បាលជាផ្នែកមួយសំខាន់ ហើយម៉ាក់ប៉ាក៏ខ្វាយខ្វល់ជាងគេដែរ តើធ្វើម៉េចខ្លះដើម្បីឱ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតនោះ?

លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA (Docosahexaenoic Acid) ដើរតួនាទីសំខាន់ជួយឱ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់ ក្នុងនោះអាស៊ីដខ្លាញ់អូមេហ្កា ៣ ជាប្រភពដើមដែលផ្តល់នូវ DHA។

បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងពពោះជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ ហើយយើងត្រូវប្រើវាដើម្បីឱ្យទារកលូតលាស់បានល្អ បែបនេះទើបតម្រូវឱ្យស្ត្រីពពោះបំពេញបន្ថែមនូវអាស៊ីដខ្លាញ់អូមេហ្កា ៣ តាមរយៈអាហារ ឬថ្នាំវីតាមីន។ ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើងចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន និងផ្តល់គុណប្រយោជន៍ផ្សេងទៀតដល់ទារក ដូចជាបង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់ជំងឺខួរក្បាល។

ប្រភពអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលស្ត្រីមានផ្ទៃពោះត្រូវការចាំបាច់សម្រាប់ការលូតលាស់ខួរក្បាល មាននៅក្នុងត្រីសមុទ្រ ដូចជាត្រីសាលម៉ុន ស្រីសាឌីន បង្គាធំៗ ក្រៅពីនោះមាននៅក្នុងសាច់ ស៊ុត គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា៣។

ទោះបីជាត្រីសមុទ្រសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្កា ៣ ក៏ពិតមែន ប៉ុន្តែក្នុងនោះស្ត្រីពពោះគួរចៀសវាងត្រីសមុទ្រធំ រស់នៅក្នុងទឹកជ្រៅ ដូចជា ត្រីឆ្លាម ត្រីថាសហ្វីស ត្រីដាវ ឬត្រីស្បៃកា ព្រោះជាប្រភេទត្រីសម្បូរជាតិបារ៉តខ្ពស់ ញ៉ាំទៅធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃទៅវិញ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com