Connect with us

ក្រោយសម្រាលកូនដោយវះកាត់ ស្រីៗត្រូវប្រយ័ត្នរឿងទាំង ៥ នេះ

ស្រីៗគ្នាយើងដែលសម្រាលកូនដោយវះកាត់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានច្រើន ដើម្បីឱ្យមុខរបួសឆាប់បានជាសះស្បើយ ព្រោះថាមានករណីខ្លះអាចបង្កឱ្យមានឈាមច្រើន ឈឺចាប់ខ្លាំង និងមានឡើងដុំរឹងជាដើម។ ដូចនេះហើយ បានជាស្រីៗយើងត្រូវស្វែងយល់ឱ្យបានច្រើនដើម្បីសុខភាពរបស់យើង។ ខាងក្រោមនេះជាអ្វីដែលគ្នាយើងត្រូវប្រុងប្រយ័ត្ន។

១. កុំប្រញាប់ធ្វើសកម្មភាពច្រើនពេក

ការសម្រាកឱ្យបានគ្រប់គ្រាន់ គឺជាអ្វីដែលរាងកាយត្រូវការបន្ទាប់ពីវះកាត់សម្រាលកូនរួច។ យើងត្រូវចៀសវាងធ្វើការធ្ងន់ៗ ឬកិច្ចការណាដែលតម្រូវឱ្យយើងឱនចុះឡើង។ មួយទៀតស្រីៗយើងក៏គួរចៀសវាងការលើកដាក់របស់ធ្ងន់ៗយ៉ាងតិច៦សប្ដាហ៍ក្រោយសម្រាលដោយវះកាត់ដែរ។ អ្នកជំនាញថាការសម្រាកបានកាន់តែច្រើន នឹងធ្វើឱ្យស្រីៗយើងឆាប់បានជាទៅរកភាពដើមវិញ។

២. ញ៉ាំថ្នាំតាមវេជ្ជបញ្ជា

ដោយសារតែឥទ្ធិពលនៃថ្នាំសណ្ដំធ្វើឱ្យស្រីៗយើងមិនមានអារម្មណ៍ឈឺចាប់ប៉ុន្មានទេក្រោយវះកាត់រួចភ្លាមៗ។ ប៉ុន្តែមិនយូរប៉ុន្មានពេលជាតិថ្នាំសាបអស់ យើងនឹងមានអារម្មណ៍ឈឺមិនខាន។ អ៊ីចឹងហើយ បើយើងមិនលេបថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ពេទ្យទេ នោះនឹងធ្វើឱ្យមុខរបួសកាន់តែឈឺថែមទៀត និងពន្យឺតការជាសះស្បើយផងដែរ។ ស្រីៗគ្នាយើងមិនបាច់បារម្ភទេ ព្រោះថ្នាំដែលគ្រូពេទ្យចេញឱ្យប្រើមិនប៉ះពាល់ដល់ការបំបៅដោះកូននោះដែរ។

៣. ប្រយ័ត្នប្រយែងចំពោះកន្លែងថ្នេរ

ដោយសារតែក្រោយសម្រាលដោយវះកាត់មានស្នាមថ្នេរនេះហើយ បានជាគ្រូពេទ្យឱ្យយើងសម្រាកឱ្យបានច្រើន។ ស្រ្តីមួយចំនួនអាចនឹងខំងើបទៅធ្វើនេះ ធ្វើនោះដូចធម្មតា តែការធ្វើបែបនេះអាចនឹងធ្វើឱ្យមានបញ្ហាដល់មុខរបួសកន្លែងវះកាត់ នឹងអាចធ្វើឱ្យដាច់ថ្នេរទៅវិញ។
មួយវិញទៀត ត្រូវប្រយ័ត្នកុំឱ្យកន្លែងថ្នេរឆ្លងមេរោគឲ្យសោះ។ យើងត្រូវលាងសម្អាតដៃឱ្យបានស្អាតមុន និងក្រោយពិនិត្យ ឬលាងសម្អាតត្រង់មុខរបួស។ បើយើងឃើញមានចេញទឹករងៃពណ៌បៃតង ឬស្បែកជុំវិញថ្នេរមានឡើងក្រហម និងឈឺខ្លាំង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

៤. ញាំអាហារល្អចំពោះសុខភាព

របបអាហារមានសារធាតុចិញ្ចឹមល្អៗគឺមានសារៈសំខាន់ណាស់សម្រាប់ស្រីៗយើងទើបសម្រាលកូនរួច មិនខុសអីពីពេលយើងកំពុងពពោះនោះទេ។ ពិសេសស្រីៗយើងដែលបំបៅដោះកូន និងកំពុងត្រូវការឱ្យរបួសដែលវះកាត់ឆាប់ជាទៀតនោះ អាហារមានសារធាតុចិញ្ចឹមល្អពិតជាសំខាន់។ អាហារសម្បូរជាតិសរសៃ គឺល្អសម្រាប់ជួយស្រីៗយើងឆាប់បានជាពីរបួស ព្រោះអាហារនេះជួយកុំឱ្យយើងទល់លាមក និងជួយកុំឱ្យយើងឆ្អល់ពោះ។

៥. កុំទាន់ឆាប់រួមភេទ

ក្នុងរយៈពេលនេះ យើងមិនគួរឆាប់រួមភេទពេកទេ មុនរាងកាយ និងមុខរបួសរបស់យើងបានវិលមករកសភាពធម្មតា។ យើងត្រូវតាមដានមើលពីការធ្លាក់ឈាមក្រោយសម្រាលប៉ុន្មានសប្ដាហ៍សិន ទើបយើងមិនគួររួមភេទនៅពេលនេះ ឬអាចថាត្រូវតមការរួមភេទ ៦សប្ដាហ៍ក្រោយសម្រាលដោយវះកាត់ ហើយបើយើងចង់រួមភេទមុនរយៈពេលនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com