Connect with us

ប្រាសាទភ្នំឈ្ងោក រមណីយដ្ឋានបែបព្រហ្មសាសនា និងជាទីតាំងសម្រាប់អ្នកចូលចិត្តថតរូប

កំពត៖ ប្រាសាទភ្នំឈ្ងោក គឺជារមណីយដ្ឋានវប្បធម៌មួយ ដែលមានលក្ខណៈជាទីកន្លែងសម្រាប់ប្រជាជនខ្មែរធ្វើការគោរពអបិយជំនឿបែបព្រហ្មសាសនា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនទៅតាមជំនឿរបស់ពួកគេរៀងៗខ្លួន។ ផ្នែកដែលសំខាន់ និងចង់ទស្សនាក្នុងល្អាង (រូង) ភ្នំដែលមានទីតាំងនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណ ៨ គ.ម ប៉ែកឦសានទីក្រុងកំពត។

គេអាចធ្វើដំណើរតាមផ្លូវចូលតាមក្លោងទ្វារវត្តប្រឡាយខាងត្បូងផ្លូវចូលទៅរោងចក្រស៊ីម៉ង់ត៍ និងចូលតាមក្លោងទ្វារមន្ទីរស្រុកទឹកឈូ ដោយធ្វើដំណើរឆ្លងកាត់ភ្នំក្បាលរមាសក៏បាន។ ភ្នំឈ្ងោកជាភ្នំថ្មដែលពុំសូវមានរុក្ខជាតិធំៗទេ គឺច្រើនតែកូនឈើតូចៗ ដុះតាមក្រហែបថ្មដែលហ៊ុមព័ទ្ធទៅដោយលតាវល្លិយោងរយានស៊ុបទ្រុបលើថ្មផង។ ទិដ្ឋភាពរួមនៃភ្នំនេះ គឺមានបណ្ដោយលាតសន្ធឹងពីជើងទៅត្បូងកាត់ទទឹងថ្ងៃ ដែលមានប្រវែងប្រមាណ៨០០ម៉ែត្រ ទទឹង៧០០ម៉ែត្រ កម្ពស់ប្រមាណពី៥០ទៅ៧០ម៉ែត្រ។

ភ្នំនេះពុំសូវមានខ្នងរាបទេ ដូច្នេះការធ្វើដំណើរលើខ្នងភ្នំមានការលំបាក។ ម៉្យាងទៀតការឡើង និងចុះទៅមើលប្រាសាទក្នុងល្អាងពីមុនមានការលំបាកតែបច្ចុប្បន្ន ព្រះសង្ឃ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋាន បានកសាងកាំជណ្ដើរដោយរៀបជាថ្ម បានបង្កលក្ខណៈងាយស្រួលមួយកម្រិតដល់អ្នកទេសចរដែលទៅកម្សាន្ដនៅទីនោះ ដោយបានរៀបធ្វើជាកាំជណ្ដើរឡើងពីក្រោមរហូតដល់លើមានប្រមាណ ២០១កាំ។

លើសពីនេះ មិនឆ្ងាយប៉ុន្មានពីខាងលិចភ្នំឈ្ងោក មានវត្តអារាមមួយកន្លែងឈ្មោះវត្តអង្គស្ដុក ហៅវត្តបុះត្របែក ដែលជាកន្លែងសម្រាប់ប្រជាជនធ្វើបុណ្យទានទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម