Connect with us

ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗយើងអាចជួបប្រទះនឹងការកន្ត្រាក់ស្បូន។ ការកន្ត្រាក់ស្បូនមិនមានន័យថាសុទ្ធតែជាការឈឺពោះកើតកូននោះទេ។ គ្នាយើងគួរយល់ដឹងអំពីរបៀបនៃការកន្ត្រាក់ស្បូននីមួយៗដើម្បីដឹងថាតើពេលណាដែលយើងត្រូវទៅមន្ទីរពេទ្យ។

១. ការកន្ត្រាក់ស្បូនបែប Braxton Hicks

ការកន្ត្រាក់ស្បូន បែប Braxton Hicks គឺជាវគ្គនៃការកន្ត្រាក់ស្បូនក្នុងកំឡុងពេលត្រីមាសទី ២ និងទី៣ ។ ការកន្ត្រាក់បែបនេះអាចចាប់ផ្តើមនៅដើមសប្តាហ៍ទី២០ ប៉ុន្តែភាគច្រើននៃការកន្ត្រាក់បែប Braxton Hicks ចាប់ផ្តើមនៅសប្តាហ៍ទី២៨ ដល់សប្តាហ៍ទី៣០។ ក្នុងកំឡុងពេលកន្រ្តាក់ ពោះនឹងចាប់ផ្តើមតឹងហើយក៏ធូរមកវិញ។ ការកន្ត្រាក់នេះប្រែប្រួលពីតិចទៅខ្លាំង។ នៅខែទី៩ ការកន្ត្រាក់បែប Braxton Hicks អាចកើតមានជាញឹកញាប់រៀងរាល់១០ ទៅ ២០ នាទីម្តង។
សរុបសេចក្ដីមក ការកន្ត្រាក់ស្បូនបែប Braxton Hicks តែងតែបាត់ទៅវិញជាមួយនឹងការហាត់ប្រាណ ខណៈពេលដែលការកន្ត្រាក់ឈឺពោះកើតកូនពិតប្រាកដនឹងនៅតែបន្តឈឺ ឬការឈឺមានការកើនឡើងនៅពេលដែលស្រីៗយើងមានសកម្មភាព។ ការកន្ត្រាក់បែប Braxton Hicks អាចកត់សម្គាល់ឃើញច្បាស់គឺនៅពេលដែលយើងកំពុងសម្រាក។

២. ការកន្ត្រាក់ស្បូនដែលជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ

ការមានផ្ទៃពោះច្រើនតែមាននៅរយៈពេលចន្លោះពី៣៧ ទៅ៤២សប្តាហ៍ ដែលត្រូវបានវាស់ចាប់ពីថ្ងៃមករដូវចុងក្រោយរបស់ម្តាយ។ ចំណែកការកើតកូនមិនគ្រប់ខែត្រូវបានកំណត់ថាជាការកើតកូនមុនសប្តាហ៍ទី៣៧ ។ មុនសប្តាហ៍ទី ២០ ការកើតកូនមិនគ្រប់ខែត្រូវបានគេហៅថាការរលូតកូន ឬការរំលូតកូនដោយឯកឯង។

នៅពេលស្ត្រីមានផ្ទៃពោះសប្តាហ៍ទី២០ ដល់៣៧ នៃការពរពោះ នឹងមានអាការៈកន្ត្រាក់ស្បូនទៀងទាត់ (៤ ដង ឬលើសពីនេះក្នុងរយៈពេល២០នាទី ឬប្រហែល៨ ឬច្រើនជាងនេះក្នុងមួយម៉ោង)។ វាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាជាការឈឺពោះលើកូនមិនទាន់គ្រប់ខែ។ ប្រសិនបើម៉ាក់មានការកន្ត្រាក់ទៀងទាត់ក្នុងរយៈពេលមួយម៉ោង ទោះបីជាកំពុងសម្រាកក៏ដោយ នោះគឺត្រូវទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៣. ការកន្ត្រាក់ស្បូនឈឺពោះសម្រាល

ការឈឺពោះសម្រាលកូនចាប់ផ្តើមនៅពេលមាត់ស្បូនបើកពី ៣ ទៅ ៤ សម។ នៅពេលដែលមាត់ស្បូនបើកអស់ជាពេលដែលទារកត្រៀមខ្លួនកើតចេញទៅក្រៅហើយ។ នៅពេលកើតកូន គឺមានសភាពស្វាហាប់ខ្លាំងនៅផ្នែកចុងក្រោយនៃការកើតកូន។

ក្នុងកំឡុងពេលឈឺពោះកើតកូន ការកន្ត្រាក់ស្បូនមានលក្ខណៈខ្លាំងក្លា និងញឹកញាប់ អាចថារៀងរាល់ ២ ទៅ៣នាទីម្តង និង ក៏អាចមានរយៈពេលយូរជាងរហូតដល់ ៧០ វិនាទី។ នេះជាពេលដែលស្រីៗយើងត្រូវការជំនួយហើយ។ បើមានអាការៈនេះស្រីៗយើងត្រូវរកអ្នកជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ព្រោះថាយើងអាចនឹងមានធ្លាយទឹកភ្លោះមុនពេលត្រៀមខ្លួនរួចរាល់។
ប្រសិនបើយើងជាម្តាយលើកដំបូងទៀតនោះ ការឈឺពោះកើតកូនអាចនឹងមានការយឺតយ៉ាវ ដូចនេះជួនកាលយើងអាចនឹងត្រូវមកផ្ទះ ដើម្បីរង់ចាំពីការឈឺពោះពិតប្រាកដ ឬរហូតដល់ទឹកភ្លោះបានបែក៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com