Connect with us

តោះមកមើល ឈុតប្រចាំជាតិ ឬ សម្លៀកបំពាក់ថ្នាក់ជាតិនៃ MISS GRAND CAMBODIA 2018 ឈ្មោះឈុត ” ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ “

ភ្នំពេញ៖ អ្នករចនាបទសំលៀកបំពាក់ឈុតបុរាណនេះមានគោលបំណង ចង់ធ្វើឈុតសម័យចេនឡានេះឡើង គឺដើម្បីរំលឹកគុណដល់បុព្វបុរសខ្មែរ ដែលលោកបានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរមួយនេះឱ្យកូនខ្មែរបានរស់នៅ និងរំលឹកគុណដល់ភាពរីកចម្រើននៃអរិយធម៌ វប្បធម៌ខ្មែរដើមដ៏រុងរឿង ជាមួយភាពរួបរួមគ្នា ដោយគិតពីប្រយោជន៍រាស្រ្ត និងព្រះនគរខ្មែរជាធំ។

អ្វីដែលកាន់តែជាងនេះទៅទៀត គឺចង់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះថែរក្សាការពារ ស្រាវជ្រាវអំពីដើមកំណើត និងអរិយធម៌ជាតិរបស់ខ្លួនពិតៗ កុំឱ្យជនបរទេសមកកាឡៃបានថាគេចង់ចម្លងពីយើងបាននោះឡើយ។

អ្នករចនាម៉ូដសំលៀកបំពាក់បុរាណ ចង់បង្ហាញ និងដាស់សតិដល់អ្នករចនាម៉ូតជំនាន់ក្រោយ ឱ្យជួយថែរក្សានូវទម្រង់ដើមនៃការរៀបចំខ្លួនទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការដើម ក្នុងនាមយើងជាបុគ្គលមួយរូបដែលនឹងបន្តថែរក្សា និងលើកស្ទួយចំពោះមរតកកេរ្តិ៍ដំណែលដ៏មានតម្លៃមិនអាចកាត់បាននេះ។ គណៈកម្មការបានវិនិច្ឆ័យ និងអនុម័តទទួលយកមកជាឈុតសំលៀកបំពាក់តំណាងជាតិនេះ ដោយឈរលើមូលដ្ឋាននៃការចូលរួមផ្សព្វផ្សាយនូវអត្តសញ្ញាណជាតិ ភាពល្បីល្បាញនៃវប្បធម៌ និងខឿនប្រពៃណីយទំនៀមទំលាប់ដ៏ខ្ពង់ខ្ពស់ដែលមានជាច្រើនសម័យកាលថែមទាំងទទួលបាននូវភាពរុងរឿង។
សម័យចេនឡា ក៏ជាសម័យកាលមួយនៃខឿនវប្បធម៌ដ៏ចំណាស់ និងសម្បូរបែប និងជាមរតកតំណសម្រាប់កម្ពុជាសម័យក្រោយៗទៀត ក៏បាននឹងបន្តមកដល់សម័យពេលបច្ចុប្បន្ននេះជាដើម ពុំមែនមានត្រឹមតែសម័យអង្គរ ឬក្រោយអង្គរនោះឡើយ។

សំលៀកបំពាក់ ឈុតទេពីស្រ៊ីសួគ៌បវរឦសានបុរៈ នេះត្រូវបានបញ្ចូលគ្នានូវទម្រង់នៃទេវធីតា និងទម្រង់នៃការគ្រងភូសាមាលានៃខត្តិយកញ្ញានាសម័យចេនឡា ដោយស្របតាមតឹកតាងដែលបានមកពី រូបចម្លាក់ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទ ក៏ដូចតឹកតាងនានាបានមកពីកំណាយ ដែលជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននោះ (ក្នុងនោះយើងខិតខំព្យាយាមចម្លងម៉ូត ដោយរក្សាឱ្យបានស្រដៀងតាមទម្រង់ដើមច្រើនបំផុតតាមដែលអាច និងខិតខំធ្វើទៅបាន)។ ក្នុងដៃនៃ Miss Grand Cambodia 2018 កាន់នូវកង្វេរដំរី បញ្ជាក់ នូវការបន្តវេននៃអាណាចក្រភ្នំ បញ្ជាក់នូវភាពសម្បូណ៌រុងរឿង និងជាអាណាចក្រដែលសម្បូណ៌ដោយដំរី។
សំលៀបបំពាក់តំណាងជាតិនៃ Miss Grand Cambodia 2018 បានទទួលការឧបត្ថម្ភគាំទ្រ និងរចនាម៉ូតពីសំណាក់ លោក សាស្រ្តចារ្យ ចាន់ សោភ័ន សាស្រ្តចារ្យ នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យ សិល្បៈសូនរូប។
លោកសាស្រ្តចារ្យ សោភ័ន ជាអ្នកកំពង់ត្របែក ខេត្តព្រៃវែង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផែ្នកគំនូរវិចិត្រកម្ម ឆ្នាំ ២០១០ នៅសាកលវិទ្យល័យភូមិន្ទវិចិត្រសិល្បៈ និងបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក គំនូរទំនើប ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យ សាំងម៉្យង់ មកពីប្រទេស កូរ៉េខាងត្បូង។

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម