Connect with us

ដឹងទេ រាជធានី -ខេត្តចំនួន ៧ បានទទួលភ្ញៀវទេសចរ ច្រើនជាងគេ ក្នុងអំឡុងពេលនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល៣ថ្ងៃនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ពោល គឺគិតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ តុលា មានអ្នកទេសចរជាង ១លាន ២សែននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និង រមណីយដ្ឋាននានានៅទូទាំងប្រទេស ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ មានចំនួន ១,២១លាននាក់ កើនឡើង ២០,២៩ភាគរយ ខណៈភ្ញៀវអន្តរជាតិ មានចំនួន ៤៨០០៤នាក់ កើនឡើង ២៣,៩៣ភាគរយ ។

យោងតាមរបាយការណ៍ ក៏បានបង្ហាញថា តំបន់ទេសចរណ៍ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមានខេត្តសៀមរាប , កំពង់ឆ្នាំង, កំពត,បាត់ដំបង,ព្រះសីហនុ,កណ្តាល,បន្ទាយមានជ័យ,កំពង់ធំ,ពោធិ័សាត់ និងខេត្តកែប។ សម្រាប់ខេត្ត ដែលមានភ្ញៀវទេសចរណ៏ កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ជាងគេនោះរួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តខេត្តពោធិ៍សាត់។
ក្រសួងទេសចរណ៏បញ្ជាក់ថា ផ្នែកលើស្ថិតិ គឺសង្កេតឃើញថា ភ្ញៀវទេសចរណ៏ដែលទៅកំសាន្តខេត្តតំបន់ឆ្នេរ ដែលមានខេត្ត កែប ព្រះសីហនុ និងកោះកុងមានការថយចុះខ្លាំង ប៉ុន្តែខេត្តកំពតមានភ្ញៀវកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោនិង ទឹកឈូ។

ក្នុងរបាយការណ៍ បានបង្ហាញពីការកត់សម្គាល់ពីការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ក៏មានការរីកចម្រើន និងកាន់តែល្អប្រសើរ ។ ភាពល្អប្រសើរនោះ មានដូចជា៖ អាចទប់ស្កាត់ការដំឡើងថ្លៃ ហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវ ជាមុនបានត្រឹមត្រូវ ។ ដោយឡែក បញ្ហាបរិស្ថាន អនាម័យ ក៏ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍ បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន ។ ទោះជាយ៉ាងណា ការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម ។
ដោយឡែក សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាព ក៏មានភាព ល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងមាន សមត្ថកិច្ច ចាប់តាំងពីក្រុម ការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម