Connect with us

កើតទឹកនោមផ្អែមប្រភេទ២ ប៉ះពាល់សរីរាង្គច្រើន ហើយអាចធ្វើឱ្យពិការ និងគ្រោះថ្នាក់ដល់ជីវិត

ជឿថាគ្នាយើងបានដឹងច្រើនហើយ ទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមានភាគច្រើនលើមនុស្សធំពេញវ័យដោយស្ងប់ស្ងាត់បំផុត និងប្រើពេលវេលាច្រើនឆ្នាំ បន្តិចម្ដងៗ ដោយមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។

យើងត្រូវដឹងថា គ្រាន់តែបញ្ហាលើសជាតិស្ករក្នុងឈាមតែ ១ មុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។ ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មិនបានព្យាបាលត្រឹមត្រូវ និងឱ្យទាន់ពេលវេលា ជំងឺនេះបណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖

– ខ្សោយតម្រងនោម
– ខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃឈាមបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភ្នែក
– បាត់បង់ការដឹងប្រព័ន្ធប្រសាទអវយវៈ (ងាយប្រឈមនឹងការរបួសជើង ឬវះកាត់ជើង)។

ហេតុបែបនេះហើយ ទើបយើងត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់ ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមដោយគ្រូពេទ្យគឺជាវីធីល្អបំផុត ដើម្បីចៀសវាង ក៏ដូចជាទប់ស្កាត់កើតជំងឺទឹកនោមផ្អែម។ ដូចគ្នានេះ ដើម្បីធានាបាននូវសុខភាពល្អ មិនថាគ្នាយើងណាកើតទឹកនោមផ្អែម ឬគ្នាយើងដែលមានសុខភាពធម្មតាទេ គួរផ្លាស់ប្ដូររបៀបរស់នៅតាមការណែនាំខាងក្រោមនេះ៖

១. ហាត់ប្រាណយ៉ាងតិច ៣០-៤៥នាទី/ថ្ងៃ
២. ញ៉ាំអាហារយ៉ាងតិច ៣ដង/ថ្ងៃ ឱ្យទៀងពេល (អាហារគ្រប់ពេលគួរមានបន្លែចម្រុះ)
៣. ចៀសវាងអាហារប្រៃឱ្យបានច្រើន
៤. ឈប់ជក់បារី
៥. កាត់បន្ថយអាហារកាឡូរីខ្ពស់ មកពីប្រភពស្ករ ខ្លាញ់ និងសាច់ក្រហម
៦. កាត់បន្ថយគ្រឿងស្រវឹងឱ្យបានច្រើនបំផុត
៧. ពិសេស ត្រូវកាត់បន្ថយអារម្មណ៍តានតឹងឱ្យបានច្រើន (ដែលជាមូលហេតុចម្បងនាំឱ្យមានវិបត្តិមេតាបូលិក)៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម