Connect with us

ក្រុមហ៊ុនទេសចរណ៍ជាង ៥០០ មកពី៨០ប្រទេស បានចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ កើនឡើងជាង៥០ភាគរយ ធៀបឆ្នាំ២០១៧

ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ (CTM 2018) ត្រូវបានចាប់ផ្តើមនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាថ្ងៃម្សិលម៉ិញនេះ មានរយៈពេល ៣ថ្ងៃ (១១ តុលា ដល់ ១៣ តុលា ២០១៨) ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ។


បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះ មាន ស្ថាប័នទេសចរណ៍ជាតិ (National Tourism Organization- NTO) មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។
ឯកឧត្តម បន្តថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ បានប្រារព្ធធ្វើម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ។ សម្រាប់លើកទី២ ឆ្នាំ២០១៨នេះ ឯកឧត្តម ក៏សង្ឃឹមថា កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ បានកើនឡើងរហូតដល់ ៥៥.៩% ។


ទាក់ទិននឹងព្រឹត្តិការណ៍នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៍ និងធម្មជាតិ បាននិងកំពុងបោះជំហានរីកចំរើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ ដោយនិងបន្តខិតខំបន្ថែមទៀត ដើម្បីប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម