Connect with us

កណ្ដុរហិតមីនកម្ពុជា ទទួលបានមេដាយមាស ពីអង្គការនៃចក្រភពអង់គ្លេស

ភ្នំពេញ៖ កណ្ដុរអាប៉ូប៉ូ (APOPO) ត្រូវបានបំពាក់មេដាយមាស ជូនដោយអង្គការមូលនិធិសប្បុរសធម៌នៃចក្រភពអង់គ្លេស សម្រាប់ការរួមចំណែកក្នុងការកម្ចាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាពេលថ្មីៗនេះ។

កណ្ដុរ ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ត្រូវបានអង្គការ PDSA នៃចក្រភពអង់គ្លេស ផ្ដល់មេដាយមាស ចំពោះការរួមចំណែកដោះមីនបានចំណួន ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ២៨គ្រាប់ លើផ្ទៃដីជិត ១៥ហិកតា នៅកម្ពុជា ក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

មេដាយមាស “PDSA Gold Medal” គឺជាកម្មវិធីផ្ដល់រង្វាន់សម្រាប់សត្វ ដែលបានចូលរួមបេសកកម្មដើម្បីជួយជីវិតមនុស្ស ប្រកបដោយភាពអង់អាចក្លាហាន។ អង្គការ PDSA បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា Magawa មានភាពរហ័សរហួនក្នុងការកំណត់ទីតាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយប្រើប្រាស់ពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដើម្បីកំណត់ទីតាំងវត្ថុទាំងនេះ លើផ្ទៃដីដែលស្មើនឹងទីលានវាយកូនបាល់ (Tennis) ធៀបនឹងមនុស្ស គេត្រូវប្រើពេលរហូតដល់៤ថ្ងៃ។

កណ្ដុរអាប៉ូប៉ូ ត្រូវបានបង្ហាត់តាំងពីពួកវានៅតូច ដោយអង្គការក្រៅរដ្ឋាភិបាល អាប៉ូប៉ូ (APOPO) ដែលត្រូវបានបង្កើតឡើងនៅប្រទេសបែលហ្ស៊ិក និងមានទីស្នាក់ការនៅប្រទេសតង់ហ្សានី។ បន្ទាប់មក ពួកវា ត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជា។ កណ្ដុះអាប៉ូប៉ូ នឹងផ្ដល់សញ្ញាទៅកាន់អ្នកបង្វឹករបស់វា នៅពេលដែលពួកវារកឃើញទីតាំងរបស់គ្រាប់មីន៕

(ទស្សនាវីដេអូ)

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com