Connect with us

ជនជាតិហុងគ្រីដែលបានរត់គេច ត្រូវបានរកឃើញហើយ និងតេស្តឃើញ វិជ្ជមានកូវីដ១៩ ផងដែរ

សៀមរាប៖ បុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ ដែលបានរត់ចេញពីកន្លែងស្នាក់នៅ ពេលរង់ចាំលទ្ធផលតេស្តរកកូវីដ១៩ ត្រូវបានអាជ្ញាធរ រកឃើញនៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ បានបង្ហាញថា គាត់មានផ្ទុក ជំងឺកូវីដ១៩។ បច្ចុប្បន្ន បុរសរូបនេះ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ក្រុមការងារ កំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាមួយបុរសខាងលើ ជាបន្តទៀត។

បុរសដដែល បានចាកចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាប។ គាត់បានម៉ៅតាក់ស៊ីជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្ដងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះ។ មកដល់ខេត្តសៀមរាប គាត់សម្ងំធ្វើការនៅក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច (សរសេរសៀវភៅ)។ មានតែថ្ងៃទី១៧ ខែកញ្ញា មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។

ចំណែក ភរិយារបស់គាត់ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្ដងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារ ដោយបានពាក់ម៉ាសពេលទៅកាន់ទីកន្លែងខាងលើ។

សូមជម្រាបថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ២៧៦នាក់ ក្នុងនោះ ជាសះស្បើយ ២៧៤នាក់ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ ០១នាក់ និង នៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com