Connect with us

ធនាគារឯកទេស វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប រួមគ្នាគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា

ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នឹងចាប់ដៃគ្នាដើម្បីជំរុញប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធីជំរុញដំណោះស្រាយទូទាត់តាមបែបឌីជីថលសម្រាប់សមាជិកក្លឹប។

តាមរយៈភាពជាដៃគូនេះ ធនាគារឯកទេស វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការបញ្ជ្រាបចំណេះដឹងអំពីដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់វីង ដល់សមាជិកក្លឹប ដែលភាគច្រើនជាសហគ្រាសខ្នាតតូចនិងមធ្យម តាមរយៈការបណ្តុះបណ្តាល និងសកម្មភាពកសាងសមត្ថភាពផ្សេងៗ ដែលចាំបាច់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ “សហគ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឱ្យសាជីវកម្មធំៗ និងបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈមនឹងបញ្ហាផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែករំលែកបន្ទុករបស់ពួកគេ និងជួយពួកគេឱ្យរីកចម្រើនជាមួយយើង”។

ក្នុងនាមជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារឯកទេសវីង បាននិងកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និងអ្នកជំនាញជាច្រើន ក្នុងការបង្កើតដំណោះស្រាយគណនេយ្យដែលរៀបចំឡើងជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់ពួកគេ អាចគ្រប់គ្រងលំហូរសាច់ប្រាក់ និងធ្វើការពង្រីកប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានមានប្រសាសន៍ថា៖ “ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជនដែលជាសហគ្រាសខ្នាតតូចនិងមធ្យម យើងចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុតាមបែបឌីជីថលដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងសហគមន៍។ យើងជឿជាក់ថា ភាពជាដៃគូជាមួយវីង នឹងជួយបង្កើតសេវាកម្មមួយដែលមានគុណតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាច្រើនដល់សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង”។

ធនាគារឯកទេស វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បីគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវិទ្យាស្ថានបណ្តុះបណ្តាល និងបង្ហាត់បង្រៀនសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងម្ចាស់អាជីវកម្មបែបគ្រួសារ ដើម្បីកសាង និងប្រែក្លាយពួកគេទៅជាអ្នកប្រតិបត្តិអាជីព។ សព្វថ្ងៃនេះ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប មានសមាជិកជាង ១២០០ នាក់ ដែលកំពុងគ្រប់គ្រង ជាង ២០០០ ក្រុមហ៊ុន។

ក្រុមហ៊ុនទាំងនេះ មានតម្លៃប្រតិបត្តិការសរុបប្រមាណ ១.០០០ លានដុល្លារជារៀងរាល់ឆ្នាំ ហើយបានបង្កើតការងារច្រើនជាង ១០០,០០០ កន្លែងដល់ប្រជាជនកម្ពុជា។

ដំណោះស្រាយហិរញ្ញវត្ថុរបស់វីង ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ ការគ្រប់គ្រងប្រាក់បៀវត្ស ការបើកប្រាក់ឧបត្ថម្ភ ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក ការទូទាត់វិក្កយបត្រ ការទូទាត់ប្រាក់កម្ចី ការបញ្ចូលលុយទូរស័ព្ទ ព្រមទាំងការទូទាត់ប្រាក់ទាំងក្នុងទាំងក្រៅប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com