Connect with us

ទីបំផុត រកឃើញ ក្រុមហ៊ុនចំនួន ៣ ដែលបានឈ្នះជ័យលាភី ក្នុងការប្រកួតអង្ករល្អជាងគេថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានរៀបចំការប្រកួតអង្ករដែលមានគុណភាពល្អជាងគេ ប្រចាំឆ្នាំ២០១៨ តាមប្រភេទ អង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីត ហើយជាលទ្ធផល គណកម្មការ បានរកឃើញក្រុមហ៊ុនចំនួន៣ ដែលជាប់ជ័យលាភី ។
ការប្រកួត ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករ កម្ពុជា ការចូលរួមវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពចូលរួមពីចុងភៅនៃសហព័ន្ធចុងភៅកម្ពុជា តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។


ការប្រកួត ក៏មានការដាក់សំណាកអង្ករចូលរួមប្រកួតពីវិទ្យាស្ថានCARDI និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសហគមន៍កសិកម្ម រោងម៉ាស៊ីន កិនស្រូវ និងអ្នកនាំចេញ ចំនួន២២ និងមានសំណាកអង្ករសរុបចំនួន ២៨ ។ សម្រាប់ការវាយតម្លៃ គឺផ្តោតលើលក្ខណៈសម្បត្តិអង្ករនៅមុនពេលចម្អិន (សពោះ ភាពបាក់ ទំហំ ពណ៌) និង ក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន ភាពងាយក្នុងការបរិភោគ)។

ជាលទ្ធផលនៃការប្រកួត អង្ករដែលបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់៖ ១) អង្ករក្រអូបប្រណីត បានទៅក្រុមហ៊ុន City Rice Import Export Co. LTD ២) អង្ករក្រអូបធម្មតា បានទៅ រោងម៉ាស៊ីនថ្មគោល Thmor Kol Rice Mill និង ៣) អង្ករស បានទៅក្រុមហ៊ុន Vong Bunheng Import Export Co.Ltd។


សូមជម្រាបផងដែរថា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10 (10th World Rice Conference) រៀបចំដោយ The Rice Trader ចាប់ពីថ្ងៃទី10-12 ខែតុលា ឆ្នាំ2018 នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនេះឯកឧត្តមប្រធានសហព័ន្ធ ក៏បានធ្វើបទបង្ហាញដោយលើកយកប្រធានបទស្តីពី “Cambodia’s Key Export Origin in Focus” មកបង្ហាញជូនដល់អង្គសន្និសីទ ដោយបានសង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដោយផ្តោតលើអង្ករដែលមានគុណភាពប្រណីត ការធ្វើពិពិធកម្មនិងការពង្រីកទីផ្សារ ការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការធ្វើការចុះ ម៉ាកសញ្ញាសំគាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណីដាំដុះស្រូវដែលមានគុណភាពដ៏យូរលង់ណាស់មកហើយ។


ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានយកអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយគុណភាពអង្ករកម្ពុជាដល់ពាណិជ្ជករអន្តរជាតិដែលបានចូលរួមក្នុងសន្និសីទ និងចូលរួមការប្រកួតអង្ករល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ផងដែរ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម