Connect with us

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងគោលបំណងផ្សព្វផ្សាយអំពីការការពារ និងការសម្រេចបាននានា ដើម្បីយកឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ ហើយក៏ចំថ្ងៃរម្លឹកខួបមរណៈភាពរបស់ លោក ល្វីស៍ ប៉ាស្ទ័រ (Louis Pasteur) ជនជាតិបារាំង ជាអ្នកជំនាញផ្នែកគីមីសាស្ត្រ និងអតិសុខុមប្រាណ ដែលបានបង្កើតវ៉ាក់សាំងបង្ការទី១ ប្រឆាំងជំងឺឆ្កែឆ្កួត។

១. អ្វីទៅជាជំងឺឆ្កែឆ្កួត?

ជំងឺឆ្កែឆ្កួតជាជំងឺដែលបណ្តាលមកពីវីរុស ចម្លងពីសត្វមកមនុស្ស មានដូចជា សត្វឆ្កែ ឆ្មា ប្រចៀវ ស្វា និងសត្វជ្រូក ជាដើម។ នៅកម្ពុជា ជាទូទៅជំងឺឆ្កែឆ្កួតជាជំងឺកើតលើសត្វឆ្កែ និងឆ្លងទៅមនុស្សដោយសារសត្វឆ្កែខាំ ដោយហេតុថា ប្រជាជនយើងចូលចិត្តចិញ្ចឹមឆ្កែ ដើម្បីការពារផ្ទះ។

ទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំៗ មានកុមារ និងមនុស្សធំស្លាប់ដោយជំងឺឆ្កែឆ្កួតជាង ៨០០ នាក់។ ជំងឺឆ្កែឆ្កួតពុំទាន់មានថ្នាំព្យាបាលនោះទេ តែយើងអាចបង្ការបាន ១០០% ដោយការចាក់ថ្នាំបង្ការក្រោយពីសត្វឆ្កែខាំ និង ១០០% វិវត្តទៅស្លា ប់ ប្រសិនបើមានលេចឡើងជារោគសញ្ញា ដោយមិនបានទទួលការចាក់ថ្នាំបង្ការទាន់ពេលវេលា។

២. ការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

មេរោគឆ្កែឆ្កួតឆ្លងចូលតាមមុខរបួស និងមានចលនាតាមប្រព័ន្ធសរសៃប្រសាទ រួចទៅបង្កមេរោគក្នុងខួរក្បាល ធ្វើឱ្យរលាកខួរក្បាល រួចស្តែងចេញជាជំងឺឆ្កែឆ្កួត តាមដំណាក់កាលខាងក្រោម៖

– មេរោគឆ្លងចូលទៅក្នុងរបួសតាមទឹកមាត់សត្វខាំ
– មេរោគបង្កើនចំនួនក្នុងសាច់ដុំជុំវិញរបួស
– មេរោគធ្វើដំណើរពីមុខរបួស ទៅខួរក្បាល តាមប្រព័ន្ធសរសៃប្រសាទ
– មេរោគទៅដល់ខួរក្បាល បង្កឱ្យរលាកខួរក្បាល កើតជំងឺឆ្កែឆ្កួត
– មេរោគឆ្លងពីខួរក្បាល បន្តទៅក្រពេញនានា ពិសេសក្រពេញទឹកមាត់។

៣. ធ្វើដូចម្តេចនៅពេលឆ្កែខាំ?

– លាងដៃនឹងសាប៊ូឱ្យស្អាត រួចបង្ហូរទឹកលាងមុខរបួសពី ១០-១៥ នាទី
– ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬបេតាឌីន ដើម្បីសម្អាតមុខរបួស
– មិនត្រូវដេរ ឬរុំបិទមុខរបួសដោយឆ្កែខាំនោះទេ
– ត្រូវប្រញាប់ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។

៤. ការចាក់ថ្នាំបង្ការក្រោយឆ្កែខាំ

សត្វឆ្កែ ឆ្មា ខាំ ក្រញៅ ឬខ្វាចភ្លាម យើងត្រូវចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាបន្ទាន់ ឬយ៉ាងយូរបំផុត ១ សប្តាហ៍។ ការចាក់ថ្នាំនេះធ្វើឡើងចំនួន ៤ដង ក្នុងរយៈពេល ១ខែ។

លើកទី១៖ ថ្ងៃចាក់ដំបូង ឬថ្ងៃសូន្យ
លើកទី២៖ ៣ថ្ងៃ ក្រោយចាក់លើកទី១
លើកទី៣៖ ៧ថ្ងៃ ក្រោយចាក់លើកទី១
លើកទី៤៖ ២១ ឬ ២៨ថ្ងៃ ក្រោយចាក់លើកទី១

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com