Connect with us

Liquid Group និង ធនាគារឯកទេសវីង សហការគ្នាជំរុញការទូទាត់ឆ្លងប្រទេសមកកម្ពុជា

អតិថិជនរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួនអាចធ្វើការទូទាត់តាម QR កូដជាមួយអាជីវករជាង ៤ ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។

Liquid Group ដែលជាក្រុមហ៊ុនបណ្តុំសេវាទូទាត់តាមទូរស័ព្ទចល័តក្នុងតំបន់ ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី នឹងចាប់ដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីជំរុញការទូទាត់តាម QR កូដ នៅប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា៖ “យើងមានការរំភើបនិងពិតជាទន្ទឹងរង់ចាំការសហការ ជាមួយ Liquid Group ដែលជាអ្នកផ្តល់បណ្តុំនៃសេវាកម្មទូទាត់ប្រាក់តាម QR កូដឈានមុខគេមួយ។ ការសហការនេះ ឆ្លុះបញ្ចាំងពីវិធីសាស្រ្តរបស់យើង ក្នុងការផ្តល់នូវភាពងាយស្រួល នៃការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តដែលមានសុវត្ថិភាព មានការការពារ និងឆាប់រហ័សដល់អតិថិជនគ្រប់រូប តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងដៃគូដ៏រឹងមាំរបស់យើងនៅក្នុងតំបន់។ ធនាគារឯកទេស វីង តែងតែខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្វីថ្មីៗបន្ថែមទៀតសម្រាប់អតិថិជនរបស់យើង”។

ជាមួយនឹងភាពជាដៃគូនេះ Liquid Group និងធនាគារឯកទេស វីង នឹងគាំទ្រដល់ការប្រើប្រាស់មធ្យោយបាយទូទាត់ការចំណាយជាមួយ QR កូដ រវាងអតិថិជន និងអាជីវករ តាមរយៈការអនុញ្ញាតឱ្យដៃគូពាណិជ្ជកម្មរបស់វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលយកការទូទាត់តាមកម្មវីធីទូរស័ព្ទដែលមាន QR កូដរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួន។ ភាពជាដៃគូនេះ ក៏នឹងជួយបង្កើនចំនួនដៃគូអាជីវករនៅក្រៅប្រទេសរបស់ Liquid Group ឱ្យមានកាន់តែច្រើនថែមទៀត។

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ធនាគារឯកទេស វីង គឺជាស្លាកសញ្ញាពាណិជ្ជកម្មមួយដែលត្រូវបានគេទទួលស្គាល់និងទុកចិត្តបំផុតមួយនៅក្នុងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិច ដែលមានបណ្តាញភ្នាក់ងារវីងជាង ៨០០០ កន្លែងនៅទូទាំងប្រទេស ដែលបម្រើជូនអតិថិជន ៥ លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Jeremy Tan ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Liquid Group បានមានប្រសាសន៍ថា៖ “បន្ទាប់ពីការបង្កើតនូវសមាហរណកម្មបណ្តាញទូទាត់តាមតំបន់របស់យើងគឺ XNAP នៅឆ្នាំ ២០១៩ យើងមានក្តីរំភើបក្នុងការឈានចូលឆ្នាំទី ២ នៃការបើកច្រកថ្មីនៅទូទាំងតំបន់ ដើម្បីសម្រួលដល់ការទូទាត់តាម QR កូដឆ្លងដែនជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេសសិង្ហបុរី ហុងកុង ឥណ្ឌូណេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ ហើយនាពេលឥឡូវនេះ នៅក្នុងប្រទេសកម្ពុជា។ យើងរីករាយ ក្នុងការធ្វើជាដៃគូជាមួយវីង ដែលជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា ហើយអនុញ្ញាតឱ្យយើងគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ស្របជាមួយគោលដៅរបស់យើងក្នុងការអភិឌ្ឍសង្គមមួយដែលមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់នៅទូទាំងតំបន់”។

Liquid Group ក៏នឹងធ្វើជាដៃគូជាមួយធនាគារឯកទេស វីង ដើម្បីផ្តល់ជូននូវសេវាកម្មដែលមានគុណតម្លៃបន្ថែមប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនរបស់ពួកគេតាមរយៈសមាហរណកម្មនៃការទូទាត់ប្រាក់ឆ្លងប្រទេស និងវេទិកាទីផ្សារសម្រាប់ដៃគូ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម