Connect with us

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអ្វី? ឱ្យសញ្ញាម៉េចខ្លះ?

ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងការចិញ្ចឹមបីបាច់កូន។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។

ចំពោះមូលហេតុដែលធ្វើឱ្យស្ត្រីជួបវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលកូនរួចថ្មីថ្មោង លោកស្រីវេជ្ជបណ្ឌិតថា បណ្តាលមកពីកត្តាសំខាន់ ២យ៉ាង គឺផ្លូវចិត្ត និងជីវសាស្ត្រ ក្នុងនោះរួមមានការការប្រែប្រួលអ័រម៉ូន Estrogen, progesterone ជីវភាពខ្វះមុខខ្វះក្រោយ កូនធ្វើទុក្ខសម្រាកមិនបានគ្រប់គ្រាន់ សម្ពាធក្នុងការមើលកូន មិនមានអ្នកជំនួសដៃជើង ឬក៏ទំនាក់ទំនងប្តីប្រពន្ធលែងផ្អែមល្ហែមដូចមុន។

លោកស្រីវេជ្ជបណ្ឌិតថា ស្ត្រីភាគច្រើនជួបអាការៈបាក់ទឹកចិត្តតែក្នុងរយៈពេល ៣ខែដំបូងប៉ុណ្ណោះ ដោយសារតែកូននៅតូចពេក ត្រូវមើលថែទាំកូនទាំងយប់ទាំងថ្ងៃ អ្នកខ្លះរកតែពេលគេងក៏មិនបាន ញ៉ាំក៏មិនត្រង់មាត់ទៀត។

ប៉ុន្តែចំពោះស្រីៗដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ កុំនៅអូសបន្លាយយូរអី លោកស្រីវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានឱ្យសុំជំនួយពីអ្នកផ្ទះ ពិសេសស្វាមី ឬប្រញាប់ទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីឱ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងវិញ។ ម៉ាក់ៗដែលសម្រាលកូនរួចងាយប្រឈមនឹងជំងឺបាក់ទឹកចិត្តណាស់ ដូចនេះដើម្បីកាត់បន្ថយបញ្ហានេះ ស្វាមីគួរតែជួយសម្រាលកិច្ចការប្រពន្ធខ្លះៗ ដូចជា ជួយមើលកូន ធ្វើកិច្ចការផ្ទះខ្លះៗ ចៀសវាងការដាក់បន្ទុកបន្ថែមទៅភរិយា។

សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលស្រាល៖
បាក់ទឹកចិត្តក្រោយសម្រាលនៅដំណាក់កាលស្រាល មានរយៈពេលតែ ២-៣ ថ្ងៃ ទៅ១ សប្តាហ៍ ឬ ២ខែ បន្ទាប់ពីសម្រាលកូនរួច។
– អារម្មណ៍ងាយប្រែប្រួល
– ថប់បារម្ភ
– សោកសៅ
– ឆាប់ខឹង
– មានអារម្មណ៍ធុញថប់
– យំ
– កាត់បន្ថយការផ្តោតអារម្មណ៍
– មិនឃ្លាន
– គេងមិនលក់

សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលធ្ងន់ធ្ងរ៖
រោគសញ្ញាច្រើនតែកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីសម្រាលកូន ប៉ុន្តែអាចចាប់ផ្តើមមុនពេលមានផ្ទៃពោះ ឬក្រោយមក រហូតដល់ ១ឆ្នាំ បន្ទាប់ពីសម្រាលកូន។
– ផ្លាស់ប្តូរអារម្មណ៍ធ្ងន់ធ្ងរ
– យំខ្លាំង
– មិនសូវស្និទ្ធស្នាលជាមួយកូន
– ដកខ្លួនពីក្រុមគ្រួសារ និងមិត្តភក្តិ
– បាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនខុសធម្មតា
– គេងមិនលក់ ឬគេងច្រើនជ្រុល
– គ្មានកម្លាំង
– កាត់បន្ថយភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់តែរីករាយ
– ឆាប់ខឹង និងខឹងខ្លាំង
– អស់សង្ឃឹម
– លទ្ធភាពនៃការគិត និងការសម្រេចចិត្តថយចុះ
– មានគំនិតធ្វើបាបខ្លួនឯង ឬកូន
– មានគំនិតដដែលៗ ចង់ធ្វើអត្តឃាត

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម