Connect with us

ក្រោយបញ្ឈប់មន្រ្តីជញ្ជីងថ្លឹងទម្ងន់រថយន្ត ១៤នាក់ រដ្ឋមន្រ្តីសាធារណៈការ ក្រើនរំលឹកមន្រ្តីផ្សេងទៀត អោយអនុវត្តការងារអោយបានត្រឹមត្រូវ

កោះកុង ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវជាថ្មីឲ្យមន្រ្តីជញ្ជីងថ្លឹងរថយន្ត នៅតាមស្ថានីយថ្លឹងរថយន្តទាំងអស់ បញ្ឈប់សកម្មភាពមិនប្រក្រតីជាបន្ទាន់ ដើម្បីជៀសវាងទោសទណ្ឌនានា ។


ការអំពាវនាវ និងក្រើនរំលឹកនេះ បានធ្វើឡើង ក្រោយពេលដែលមន្រ្តីជញ្ជីងថ្លឹងរថយន្តចំនួន១៤ នាក់ ត្រូវបានក្រសួងបញ្ឈប់ពីការងារ និងកំពុងត្រូវបានបន្តនីតិវិធីនៅតុលាការ ដោយសារ ពាក់ព័ន្ធនឹងអំពើពុករលួយ ពោលគឺភាពមិនប្រក្រតីនៃការអនុវត្តការងារលើការថ្លឹងរថយន្តលើសទម្ងន់ ជាថ្នូរនឹងការទទួលយកប្រាក់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មន្ដ្រីជញ្ជីង នៅតាមស្ថានីយថ្លឹងរថយន្ត១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធអំពើពុករលួយ ដើម្បីចាត់ការតាមនិតីវិធី ខណៈក្រសួង ក៏បានដកពួកគេ ចេញផងដែរ ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសាធារណការ មិនបានបញ្ចេញឈ្មោះ និង ទីកន្លែងដែលមន្ដ្រីជញ្ជីង នៅតាមស្ថានីយថ្លឹងរថយន្ត ដែលត្រូវបានដកនោះទេ។


ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអះអាងផងដែរថា ក្រសួងសាធារណការ ក៏បានខិតខំទប់ស្កាត់ កុំឲ្យមានមន្ដ្រីជញ្ជីងថឹ្លងរថយន្ត អនុញ្ញាតឲ្យរថយន្ដដឹកទំនិញធ្ងន់ៗ ចូលថឹ្លងមិនបានត្រឹមត្រូវ។ ដូច្នេះ ក្រុមការងារនៃក្រសួងសាធារណការ បានចុះពិនិត្យតាមដានកាំមេរ៉ា នៅតាមជញ្ជីងថ្លឹងរថយន្ត ហើយមន្ដ្រីក្រសួងសាធារណការ ទាំងអស់ ត្រូវនាំគ្នា ចូលរួមទប់ស្កាត់ រថយន្ដដឹកលើសទម្ងន់ ដើម្បីការពារផលប្រយោជន៍ជាតិមូល។


សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក៏ធ្លាប់បានបញ្ជា ឲ្យអភិបាលរាជធានី-ខេត្ត-ក្រុង ទាំងអស់ត្រូវចាប់រថយន្តតទ្រុង និងដឹកលើសទម្ងន់ ។ ប៉ុន្តែ គេនៅតែសង្កេតឃើញថា នៅតែមានរថយន្តដឹកលើសទម្ងន់ បន្តចរាចរណ៍នៅតាមដងផ្លូវដដែល បើទោះបីជានៅតាមដងផ្លូវខ្លះ មានស្ថានីយថ្លឹងទម្ងន់រថយន្តក្តី ដែលធ្វើអោយខូចខាតដល់បណ្តាផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល បានចំណាយលុយយ៉ាងច្រើន ក្នុងការសាងសង់ ។
តាមរបាយការណ៍ កាលពីខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ២២៥គ្រឿង និងពិន័យបានថវិកាមួយចំនួនផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម