Connect with us

អភិបាលខេត្តមណ្ឌលគីរី បញ្ជាអោយបង្រ្កាប តែមន្រ្តីជំនាញនៅមូលដ្ឋាន មិនបង្រ្កាប តែបែរជាបើកដៃអោយមានបទល្មើសព្រៃឈើដដែល

មណ្ឌលគីរី៖ ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរី បានអោយដឹងថា ទោះបីជាមានការដាក់ចេញវិធានការណ៍បង្ក្រាបយ៉ាងណាក្តី ក៏សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តនេះ នៅតែកើតមានយ៉ាងគគ្រឹកគគ្រេង ជាពិសេស នៅស្រុកកែវសីមា ដោយមិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ធ្វើការឃាត់ចាប់នោះទេ ។


ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ការចរាចរដឹកជញ្ជូនឈើនេះ ឈ្មួញប្រើរូបភាព ដឹកដោយម៉ូតូ រថយន្ត និង ម៉ូតូរម៉ក ដោយធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ យកទៅលាក់ទុកនៅស្រុកកែវសីមា និង ធ្វើការដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងដាច់អហង្កាមិនឲ្យមានការជួញដូរឈើខុសច្បាប់ណាមួយ ឆ្លងដែនទៅប្រទេសវៀតណាមនោះទេ។ ប៉ុន្តែ មន្ត្រីថ្នាក់ក្រោមនៅតែផ្គើននឹងបទបញ្ជារបស់អភិបាលខេត្ត ដោយបន្តលួចបើកដៃឲ្យឈ្មួញឈើធ្វើការដឹកជញ្ជូនឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរីឆ្លងដែន ទៅប្រទេសវៀតណាមយ៉ាងអណា ធិបតេយ្យ ។
ជាក់ស្តែង កាលពីចុងសប្តាហ៍មុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្ក្រាប និង រឹបអូសឈើមួយកន្លែង ដែលឈ្មួញបានយកទៅលាក់ទុកបម្រុងដឹកចេញទៅប្រទេសវៀតណាម ស្ថិតនៅចំនុចលូបាក់ ភូមិអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រោយមានការចេញបញ្ជារពីអយ្យការអមសាលាដំបូងខេត្ត ទើបគេឃើញ មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល និង បានធ្វើការរឹបអូសឈើខុសច្បាប់ជាច្រើនដុំ ដែលឈ្មួញបានយកទៅលាក់ទុកនៅទីនោះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម