Connect with us

មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងមិនត្រូវបានដំឡើងប្រាក់ខែ នៅឆ្នាំ២០២១ឡើយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការដំឡើងប្រាក់បៀវត្ស ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២១ខាងមុខ។

ការផ្អាកដំឡើងប្រាក់បៀវត្សនេះ, សម្តេចតេជោ បានលើកមូលហេតុថា ដោយសារតែស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មិនមានភាពច្បាស់លាស់ បណ្តាលមកពីការរាតត្បាតពីជំងឺកូវីដ១៩។ ការលើកឡើងរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ដែលស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើទោះបីជា សម្ដេចតេជោ បានប្រកាសផ្អាកការដំឡើងប្រាក់បៀវត្ស សម្រាប់ឆ្នាំ២០២១ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏ដោយ, ប៉ុន្តែសម្ដេច បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភ ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលការរាតត្បាតពីជំងឺកូវីដ១៩ រយៈពេលបីខែថែមទៀត ពោលគឺរហូតដល់ខែធ្នូ ឆ្នាំ២០២០នេះ។

យោងតាមប្រសាសន៍របស់សម្ដេចតេជោ គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ប្រមាណ៦០ម៉ឺនគ្រួសារហើយ ស្មើនឹងប្រជាពលរដ្ឋ ប្រមាណ៣លាននាក់ ដែលទទួលបានការឧបត្ថម្ភនេះ៕

អត្ថបទ៖ សន ពិសិដ្ឋ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម